(ម៉ានីល)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យនៃប្រទេសហ្វីលីពីន បានប្រកាសថានឹងបើកការស៊ើបអង្កេត ទៅលើការអះអាងរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលថាលោកធ្លាប់បានបាញ់សម្លាប់មនុស្ស៣នាក់ ដែលជាឧក្រិដ្ឋជនដោយផ្ទាល់ដៃ កាលពីនៅកាន់តំណែងជាអភិបាលក្រុងដាវ៉ៅ (Davao) បន្ទាប់ពីឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទទួចឲ្យអាជ្ញាធរក៏ដូចជាតុលាការនៅក្នុងប្រទេសហ្វីលីពីនស៊ើបអង្កេតឲ្យបានច្បាស់លាស់ជុំវិញករណីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦។
ប្រធានគណៈកម្មការទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សហ្វីលីពីនលោក Jose Gascon បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកបានបង្កើតក្រុមអ្នកស៊ើបអង្កេតមួយ ដើម្បីពិនិត្យស្រាវជ្រាវទៅលើការសម្លាប់មនុស្សកាលពីអតីតកាលដែលត្រូវបានអះអាងដោយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ខ្លួនឯងផ្ទាល់នោះ។
លោក Gascon បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍របស់លោកដូច្នេះថា «ទីភ្នាក់ងារអនុវត្តន៍ច្បាប់ទាំងឡាយ ចាំបាច់ត្រូវតែធ្វើការស៊ើបអង្កេតជុំវិញរាល់ព័ត៌មាននានាដែលអាចបង្ហាញថាបទល្មើសពិតជាត្រូវបានប្រព្រឹត្តយ៉ាងប្រាកដមែន ដើម្បីធានាឲ្យបានថាជនដៃដល់នៅទីបញ្ចប់មិនអាចគេចរួចពីសំណាញ់ច្បាប់បាននោះឡើយ បើសិនជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់នោះ»។
គួរបញ្ជាក់ថាគណៈកម្មការខាងលើ គឺជាអង្គភាពឯករាជ្យមួយរបស់រដ្ឋាភិបាលហ្វីលីពីន ដែលមានតួនាទីកាត់ទោសមន្រ្តីប៉ូលិស ឬមន្រ្តីដទៃៗផ្សេងទៀតដែលបានប្រព្រឹត្តការធ្វើទណ្ឌកម្ម, សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ, ឬក៏រំលោភបំពានសិទ្ធិមនុស្សដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសហ្វីលីពីន។
ដោយឡែកក្រោយពេលដែលលោក Zeid Ra'ad Al Hussein បានលើកឡើងថាអាជ្ញាធរហ្វីលីពីន គួរតែបើកការស៊ើបអង្កេតជុំវិញករណីនេះលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានផ្ទុះកំហឹងជាខ្លាំងដោយបានជេរប្រទិចទៅលើឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរូបនេះយ៉ាងចាស់ដៃដោយលោក ឌូតឺតេ បានហៅថាលោក Zeid ថាជា «មនុស្សឆ្កួតល្ងីល្ងើអត់ខួរក្បាលគិត» និងបានចំអកឲ្យលោក Zeid ទៅចូលសាលារៀនវិញសាជាថ្មីទៀតផង ដោយសារតែប្រកាន់ឬកពារមិនសក្តិសមជាមន្រ្តី UN ហើយជាចុងក្រោយលោកប្រធានាធិបតីហ្វីពីនមាត់ដាចរូបនេះ ក៏បានហៅលោក Zeid ថា «កូនមីសំផឹង» ដែលពាក្យលោក ឌូតឺតេ ធ្លាប់បានប្រើចំពោះប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ផងដែរ៕