(កំពត)៖ ជនពិការកម្ពុជាមិនត្រឹមតែ មានសិទ្ធិបញ្ចេញមតិជាសាធារណៈនោះទេ ថែមទាំងធ្វើការទំនាក់ទំនង ដោយផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី តាមFacebook ទៀតផង។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក ឯម ច័ន្ទមករា ចូលរួមជាអអិបតីជាមួយ លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពត និងលោកស្រី វ៉ាន់ហ៊ី លី ប្រធានការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាសិទ្ធិជនពិការ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពជនពិការទោះនៅទីក្រុង ឫនៅជនបទ ជាក់ស្តែងយោធិពិការរាប់រយគ្រួសារកំពុងអាស្រ័យផលលើដីដែលរាជរដ្ឋាភិបាលបានប្រគល់ជូន នៅតាកែនកោះស្លា ខេត្តកំពត និងនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្រៅពីនេះជនពិការរស់នៅក្នុងខេត្តកំពតក៏ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមទាំងការបង្កលក្ខណៈងាយស្រួលនានាដល់បងប្អូនជនពិការដើម្បីមានឱកាសកសាងជីវភាពគ្រួសារឲ្យមានភាពប្រសើរឡើង។
លោក ឯម ច័ន្ទមករា ថា ជនពិការកម្ពុជាបច្ចុប្បន្នមានស្ថានភាពខុសពីជនពិការសម័យមុនៗ ព្រោះជនពិការទទួលបានការសិក្សាខ្ពស់រហូតដល់កម្រិតឧត្តមសិក្សា ចេះប្រើប្រាស់ទូរស័ព្ទទំនើបទាន់សម័យបច្ចេកវិទ្យា ជាក់ស្តែងជនពិការធ្លាប់ទំនាក់ទំនងទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយផ្ទាល់ ដែលប្រការនេះគឺចាត់ទុកថាសិទ្ធិរបស់ជនពិការ ត្រូវបាន ទទួលស្គាល់ដោយថា្នក់ដឹកនាំកំពូលរបស់ប្រទេស និងជាលទ្ធផលជាក់ស្តែងនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។
អគ្គលេខាធិការរូបនេះ បានថ្លែងបែបចំអកថា ជនពិការកម្ពុជាទទួលបានផលប្រយោជន៍ដូចសព្វថ្ងៃហើយ ប៉ុន្តែនៅមានជនអគតិមួយចំនួននៅតែលើកឡើងថាជនពិការនៅតែគ្មានឱកាសចូលរួមកិច្ចការសង្គមទោះ
បីជាជនពិការនោះមានសមត្ថភាពក្តី។ លោកថា ក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់រាជធានី ខេត្ត ទាំង២៥ មានជនពិការជាតំណាងមានឋានៈជាអនុប្រធាន និងមួយចំនួនទៀតជាសមាជិក ឯនៅថ្នាក់ជាតិក៏មានជនពិការជាតំណាងមានសិទ្ធិផ្តល់យោបល់ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីផលប្រយោជន៍ជនពិការទូទាំងប្រទេស។ លោកបន្ថែមថា អ្នកថានិងអ្នកធ្វើតែងមានភាពខុសគ្នា បើទោះបីជាយ៉ាងនេះក្តី លោក ឯម ច័ន្ទមករា បានអំពាវនាវដល់បណ្តាដៃគូពាក់ព័ន្ធទាំងអស់ឲ្យចេះធ្វើការសហការគ្នា ដើម្បីឲ្យជនពិការទទួលបានផលប្រយោជន៍ពិតប្រាកដ។
គួរបញ្ញាក់ផងដែរថា បច្ចុប្បន្ននេះមានជនពិការប្រមាណ២៥៧៦នាក់កំពុងធ្វើការនៅតាមក្រសួងស្ថាប័ន និងជនពិការប្រមាណ ២០៧២នាក់កំពុងធ្វើការក្នុងវិស័យឯកជន៕