(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើងរាប់ពាន់នាក់ បានចូលរួមក្នុងការបង្ហាញការគោរព ចំពោះវិញ្ញាណក្ខ័ន្ធ អតីតមេដឹកនាំរបស់ពួកគេ គឺលោក Kim Jong il ជាការរំលឹកខួប៥ឆ្នាំ នៃការស្លាប់របស់មេដឹកនាំរូបនេះ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
ហ្វូងមនុស្សបាននាំគ្នាឡើងទៅលើភ្នំ Mansu នៅកណ្តាលទីក្រុង Pyongyang នៅព្រលប់ថ្ងៃសុក្រនេះ ដើម្បីដាក់បាច់ផ្កា និងបង្ហាញការគោរព ចំពោះរូបសំណាក របស់លោក Kim Jong il និងឪពុករបស់លោក Kim il Sung។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានចេញផ្សាយជាផ្លូវការ ពីការស្លាប់របស់លោក Kim Jong il កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ នៅពេលនោះពួកគេបាន ផ្សាយថា លោក Kim Jong il បានស្លាប់២ថ្ងៃមុនរួចមកហើយ ដោយជំងឺបេះដូង ខណៈកំពុងធ្វើដំណើរធ្វើដំណើរតាមរថភ្លើង នៅក្នុងប្រទេស។
រូបចម្លាក់សំរិទ្ធិយ៉ាងធំរបស់លោក Kim Jong il បានធ្វើឡើងកាលដើមឆ្នាំ២០១២ នៅលើកំពូលភ្នំ Mansu ជាប់នឹងរូបចម្លាក់របស់លោក Kim il Sung៕