(កំពត)៖ ព្រះបដិមាផ្ចាញ់មារទំហំព្រះភ្នែន២១ម៉ែត នឹងលេចរូបរាងនាពេលខាងមុខនេះ នៅលើភ្នំព្រះ នៃស្រុកជុំគីរី សម្រាប់ជាទីរម្មណីយដ្ឋានព្រះពុទ្ធសាសនា នៅកម្ពុជា។
ជាក់ស្ដែង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីធ្លាសម្រាប់សាងសង់ព្រះបដិមាផ្ចាញ់មារ ត្រូវបានឈូសឆាយរួចរាល់ និងបានរៀបចំ ពិធីក្រុងពាលីតាមប្រពៃណីសាសនាផងដែរ ដែលមានការនិមន្ត និងចូលរួមពី សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើជើងលេខ៧០, អភិបាលរងខេត្តកំពត, ប្រធានមន្ទីរធម្មការ និងសាសនាស្រុកជុំគីរី និងមេបញ្ជារង នាយទាហាន នាយទាហានរង និងពលទាហានប្រមាណជាង ២០០អង្គ/នាក់ ផងដែរ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានឲ្យដឹងថា ព្រះបដិមាផ្ចាញ់មារ ទំហំព្រះភ្នែន២១ម៉ែតនេះ គឺនឹងក្លាយជាទីរម្មណីយដ្ឋាន សម្រាប់វិស័យព្រះពុទ្ធសាសនា លើកំពូលភ្នំព្រះ ស្រុកជុំគីរីខេត្តកំពត ដែលអាចនឹងស្រូបទាញភ្ញៀវទេសចរ មកកម្សាន្ដដែលការកសាង នឹងធ្វើឡើងដោយកងពលតូចថ្មើជើងលេខ៧០ បន្ទាប់ពី មានគំនិតផ្តួចផ្តើមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
គួរបញ្ជាក់ថា មិនត្រឹមតែនឹងមានការសាងសង់ ព្រះបដិមាផ្ចាញ់មារទំហំព្រះភ្នែន២១ម៉ែតនោះទេ គឺនឹងមានការកសាងអគារតម្កល់គម្ពីរ ព្រះត្រៃបិដក និងអគារផ្សេងៗទៀត បម្រើក្នុងវិស័យព្រះពុទ្ធសាសនា៕