(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ បានសរសេរក្នុង Facebook របស់សម្តេចជាមួយនឹងក្តីសប្បាយរីករាយ ក្នុងឱកាសដែលសម្តេចទទួលបាន ចៅទី១៨ និងជាចៅស្រីទី៨ ហើយក៏ជាកូនស្រីដំបូងរបស់លោក ហ៊ុន ម៉ានិត ផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរំពឹងថា សម្តេចនឹងទទួលបានចៅ ប្រុសម្នាក់ទៀត ដើម្បីបង្កើតក្រុមបាត់ទាត់មួយក្រុម ខណៈដែលបច្ចុប្បន្ន សម្តេចទើបមានចៅប្រុស ១០នាក់ប៉ុណ្ណោះ។
សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះថា «មុននេះបន្តិច ចៅទី១៨ បានសម្រាលមកហើយ ជាចៅស្រី។ ចៅ១៨នាក់ ប្រុស១០នាក់ ស្រី៨នាក់ ជាចំនួនច្រើនបង្គួរតែខ្ញុំយល់ថា មិនទាន់គ្រប់គ្រាន់នៅឡើយ ហោចណាស់នៅខ្វះចៅប្រុសមួយនាក់ទៀត ដើម្បីបង្កើតក្រុមបាល់ទាត់មួយក្រុម ដែលត្រូវមាន១១នាក់។ ចំណែកចៅស្រី៨នាក់ពួកគេ អាចបង្កើតក្រុមបាល់ទះបានហើយ ព្រោះត្រូវការតែ៦នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៣ ពេលដែលឪពុកខ្ញុំចែកឋានគាត់មានកូន៦នាក់ ចៅជាង៣០នាក់ ចៅទួតជាង៦០នាក់ បើគិតជាកងទ័ពស្មើ១កងអនុសេនាធំ។ ខ្ញុំពិតជាសុំចុះចាញ់ឪពុកម្តាយខ្ញុំហើយ ព្រោះខ្ញុំមានកូន និងចៅតិចជាងគាត់ ហើយច្បាស់ជាចៅទួតតិចជាងគាត់ទៀតហើយ។
ស្វាគមន៍ចៅស្រីទី១៨ដែលមាន ឈ្មោះ (ហ៊ុន ឌី មុនីរក្សា) ដែលអាចជាកូនពៅ ឬចៅពៅប្រសិនគ្មានកូនណាមានកូនបន្ថែម។ សន្សំៗបានមួយឡូកន្លះស្មើនឹងបួនដំបកន្លះ។ ១បូក៨ស្មើ៩ បើលេងបីសន្លឹកស៉ីសល់តែអុង៣ទេចៅ។ (សូមទោសញាតិញោមនិយាយលេងទេ ព្រោះសប្បាយពេក)។ ជូនពរកូនស្រីសុខភាពល្អ និងសូមប្រយ័ត្នបងប្រុស៤នាក់ លួចចូលក្តិចប្អូនពិសេស បញ្ញាវ័ន្ត
និងសក្កដា ដែលមិនសូវចង់បានប្អូនស្រី»៕