(រ៉ូម)៖ ប្រជាជនអ៊ីតាលីនៅថ្ងៃអាទិត្យនេះ នឹងបោះឆ្នោតសម្រេច ស្ដីពីប្រជាមតិលើវិសោតធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់ពីជោគ វាសនាយោបាយ របស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi )ត្បិតលោកសន្យាថានឹងចុះចេញពីមុខតំណែង បើសិនជាលោកបរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦។
ជុំវិញការបោះឆ្នោតប្រជាមតិនេះដែរ អ្នកជំនាញទីផ្សារហិរញ្ញវត្ថុ និងអ្នកនយោបាយអឺរ៉ុបកំពុងមានការព្រួយបារម្ភ ដោយខ្លាចក្រែងថា ជ័យជំនះរបស់ក្រុមបក្សប្រឆាំង ដែលជំទាស់នឹងការធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញនេះអាចនឹង ធ្វើឱ្យមានអស្ថេរនយោបាយឬក៏ភាព ចលាចលដល់វិស័យធនាគារ ព្រមទំាងជម្រុញឱ្យតំបន់ចាយប្រាក់អឺរ៉ូធា្លក់ ចូលក្នុងវិបត្តិថ្មីមួយ។
ការបោះឆ្នោតប្រជាមតិនឹងត្រូវចាប់ផ្ដើមប្រព្រឹត្តិទៅ នៅម៉ោង៧ ព្រឹក (ម៉ោងនៅក្នុងទីក្រុង រ៉ូម) ដោយមានប្រជាជនអ៊ីតាលីប្រមាណជា ៥១លាននាក់ នឹងបោះឆ្នោតសម្រេចថា គួរឬមិនគួរ ធ្វើវិសោតធន កម្ម រដ្ឋធម្មនុញ្ញ តាមសំណើ របស់លោក ម៉ាតេអូ រ៉េនហ្ស៊ី ដើម្បីកាត់ បន្ថយអំណាច និងតួនាទីរបស់ព្រឹទ្ធសភាជាន់ ខ្ពស់និងប្រមូលអំណាចមួយចំនួនពីអាជ្ញាធរនៅក្នុងតំបន់នីមួយៗមកវិញ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន ក្រុមអ្នកជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចនឹងទទួលបាន ជ័យជំនះក្នុងការ បោះឆ្នោតប្រជាមតិនេះ៕