(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានស្នើឱ្យប្រជាជនតួកគីទាំងអស់ ក៏ដូចជាប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រើប្រាស់ ឬក៏ចាយរូបិយវត្ថុជាតិ របស់ខ្លួនជំនួសឱ្យរូបិយវត្ថុបរទេស ជាពិសេសគឺរូបិយវត្ថុដុល្លារអាមេរិក ក្នុងការដោះដូរពាណិជ្ជកម្មរវាង ប្រទេសទំាងពីរ។ នេះបើតាមកាសែត Daily News ចេញផ្សាយបន្ត ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ក្នុងទីក្រុង អ៊ីស្ដង់ប៊ូល កាលពីថ្ងៃសៅរ៍ លោក អឺដូហ្កាន់ បានលើកឡើងដូច្នេះថា «ខ្ញុំបានស្នើឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាយរូបិយវត្ថុជាតិជំនួសឱ្យរូបិយវត្ថុដុល្លារអាមេរិក ក្នុងការដោះដូរពាណិជ្ជកម្ម រវាងប្រទេសទំាងពីរពោលគឺខ្ញុំចាយលុយរុស្ស៊ី ពេលខ្ញុំទិញទំនិញ នៅក្នុងប្រទេសរបស់អ្នក(រុស្ស៊ី) ហើយអ្នកចាយលុយតួកគី ពេលដែលអ្នកទិញផលិតផលពីប្រទេសរបស់ខ្ញុំ»។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹងពីចេតនាពិតប្រាកដនេះនៅឡើយទេ ខណៈទំនាក់ទំនងទីក្រុងវ៉ាស៊ីនតោន-អង់ការ៉ា កំពុងមានភាពរកាំរគោះនឹងគ្នាដោយ សារតែសហរដ្ឋអាមេរិក មិនទាន់សម្រេចចិត្តធ្វើបត្យាប័ន បុព្វជិត ហ្គូលិន ដែលជាប់ចោទថា ជាមេក្លោងនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅតួកគី កាលពីខែកក្កដា តាមសំណើររបស់រដ្ឋាភិបាល លោក អឺដូហ្កាន់។
គួរបញ្ជាក់ថា លោក អឺដូហ្កាន់ ក៏បានស្នើឱ្យចិន និងអ៊ីរ៉ង់ ប្រើប្រាស់រូបិយវត្ថុជាតិ ក្នុងការដោះដូរពាណិជ្ជកម្មរវាងគ្នាផងដែរ ស្របពេលរូបិយវត្ថុតួកគី Lira បានបាត់ បង់១៧% នៃអាត្រាប្ដូរប្រាក់ បើធៀបទៅនឹងប្រាក់ដុល្លារ អាមេរិកចាប់តាំងពីដើមឆ្នាំ២០១៦មក៕