(បាត់ដំបង)៖ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដែលទាហានឈុតខ្មៅថៃ នៅអង្គភាពកងរយលេខ៥៤១ បានយកគ្រាប់បែកដៃប្រភេទ ផ្លែទឹកដោះគោ ទៅដាក់បង្កៃ នៅក្នុងចំការដំឡូង ត្រង់ចំណុចព្រំប្រទល់នៃប្រទេសទាំង២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីបង្ហាញជាសញ្ញា នៃការផ្ទុះនៅពេលមានពលករខ្មែរ លួចឆ្លងចូលដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ពិតជាមានករណីនេះមែន តែបានកើតឡើង នៅថ្ងៃទី៣០ ខេវិច្ឆិកា ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់នោះទេ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា ក្រោយទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចឈរជើងនៅតាមព្រំដែន បានប្រាប់ទៅភាគីថៃ ចូលមកដោះទៅបាត់ហើយ។ ពួកគេដាក់នេះ អាចជាការផ្តល់សញ្ញានៅពេលមានមនុស្សឆ្លងកាត់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ លោកអនុសេនីយ៍ត្រី សាត់ សុផាន់ណារិទ្ធិ នាយប៉ុស្តិ៍អូរជ្រៃ បានដឹកនាំកម្លាំងក្នុងអង្គភាពមួយចំនួន ចុះប្រតិបត្តិការល្បាតជាលក្ខណៈឯកតោភាគី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
នៅពេលដែលកម្លាំងល្បាតដល់ចំណុច ខាងត្បូងបង្គោលសីមាលេខ59 ក៏បានប្រទះឃើញគ្រាប់បែកដៃប្រភេទផ្លែទឹកដោះគោមួយគ្រាប់ ដែលត្រូវបានគេដាក់បង្កៃនៅក្នុងចំការដំឡូងរបស់ប្រជាកសិករខ្មែរ ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
នៅពេលនោះ កម្លាំងបានរាយការណ៍ទៅមេបញ្ជាការវរៈ ដើម្បីសុំវិធានការ ហើយលោកមេបញ្ជាការបានបញ្ជាឲ្យយកខ្សែព័ន្ធជុំវិញ និងមិនអនុញ្ញាតឲ្យដកកម្លាំងចេញពីចំណុចនោះជាដាច់ខាត ដោយនៅរង់ឃ្លាំមើលដើម្បីចង់ដឹងថា នរណាជាអ្នកមកដាក់ បង្កៃគ្រាប់បែកនេះ ព្រមទាំងបានផ្តល់ព័ត៌មាននេះទៅកម្លាំងស៉ីម៉ាក់ផងដែរ ដើម្បីត្រៀមចុះទៅត្រួតពិនិត្យ។
លុះនៅវេលាម៉ោង ១០៖៥០នាទី គេសង្គេតឃើញថា ខាងភាគីទាហានឈុតខ្មៅថៃក្នុងកងរយលេខ ៥៤១ បានឆ្លងដែនចូលមកដោះគ្រាប់ នោះយកទៅវិញ ដោយពួកគេមានគ្នាចំនួនពីរនាក់ ហើយក៏បានសុំទោសដល់កងកម្លាំងកម្ពុជាផងដែរ ខណៈដែលពួកគេបានពើបប្រទះ កម្លាំងកម្ពុជានៅឃ្លាំចាំមើលសកម្មភាពនៅទីនោះ។
កម្លាំងគោលដៅរបស់កម្ពុជា នៅទីនោះបានព្រមាន ដល់ភាគីថៃ មិនត្រូវឲ្យមានហេតុការណ៍នេះ កើតឡើងម្តងទៀតឡើយ៕