(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ បានថ្លែងជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ច រាជធានីភ្នំពេញ ពង្រឹងឲ្យបានល្អ នូវការគ្រប់គ្រងការចេញចូល នៃរថយន្តដឹកទំនិញធុនធំ ទៅតាមពេលវេលាដែល រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ នាពេលកន្លងមក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ។

ការថ្លែងរបស់លោក ប៉ា សុជាតិវង្ស ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា ដើម្បីបើកការដ្ឋាន កែសម្រួលស្ពានអាកាសក្បាលថ្នល់។

ជាមួយគ្នានេះ លោកអភិបាលក៏បានអំពាវនាវដល់ ម្ចាស់រថយន្តដឹកទំនិញធុនធំទាំងអស់ ដែលមានរថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេស សូមកាត់ទ្រុងចេញដោយខ្លួនឯង ជៀសវាងមន្ត្រីសមត្ថកិច្ច ធ្វើការឃាត់រថយន្តដែលខុស លក្ខណៈបច្ចេកទេសទាំងនោះ នាំឲ្យប៉ះពាល់ការរកស៉ីរបស់ខ្លួន និងបង្កផលប៉ះពាល់ដល់ផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាល ខិតខំស្វែងរកជំនួយ ដើម្បីស្ថាបនា និងជួសជុលឡើងវិញ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលគម្រោងស្ពានអាកាសក្បាលថ្នល់ ដោយបន្ថែមនូវស្ពានអាកាស ៣ខ្សែនោះ គឺ ស្ពានហោះស្របពីលើ មហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ជាប់ទៅស្ពានមុនីវង្សថ្មី, ស្ពានតភ្ជាប់ពីស្ពាន មុនីវង្សចាស់ បត់កោងស្តាំឡើងទៅចាក់អង្រែ, ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ។

គម្រោងសាងសង់នេះ ត្រូវចំណាយរយៈពេល១៣ខែ និងចំណាយថវិកាប្រមាណ​៤លានដុល្លារ៕