(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់បុគ្គលិក-កម្មករ មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ, កម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី និងបុគ្គលិក របស់ក្រុមហ៊ុន អភិវឌ្ឍន៍វិស្វកម្ម និងសំណង់ ចំនួន២១៩៦នាក់ ដែលប្រព្រឹត្ដទៅ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានផ្ដល់នូវអនុសាសន៍សំខាន់ៗជាច្រើនចំនុច ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព គ្រប់ពេលវេលា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៖
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍អំពាវដល់បងប្អូនប្រជាជន ពិសេសយុវជន សូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ កាប់សម្លាប់ឪពុកម្តាយ និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ នៅក្នុងសង្គម។
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋយើង ជៀសវាងឱ្យបានដាច់ខាត នូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ដោយឡែកចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិតឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។
* សូមបងប្អូនទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅពិសេស ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ ពិសេសបងប្អូនយើងដែលរស់នៅតាមផ្ទះជួលតែម្ដង
* ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវឲ្យបងប្អូនពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈម របស់យើងទាំងអស់គ្នា។
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយព្យាយាមដោះស្រាយបញ្ហា ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
* សូមក្រុមហ៊ុនស៊ីនទ្រី ចូលរួមលើកកម្ពស់សុខភាពរបស់បុគ្គលិករបស់ខ្លួន ដោយធ្វើការផ្គត់ផ្គង់ដល់កម្មកររបស់ខ្លួនបន្ថែម នូវសម្ភារៈអនាម័យ ដូចជា ស្បែកជើង ស្រោមមុខ ស្រោមដៃ។ល។
* ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា ក៏បានប្រសាសន៍សង្កាត់ធ្ងន់ថា សូមជៀសវាងនូវរាល់ការបំផុសបំផុល ធ្វើបាតុកម្ម ដែលមិនសមហេតុផល ដែលអាចឈានដល់អំពើហិង្សាខូចសណ្តាប់ធ្នាប់សង្គម ។ល។
សូមបញ្ជាក់ថា បុគ្គលិក កម្មករទាំង២,១៩៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង ២ដើម ទឹកសុទ្ធ ២ដប និងថវិកា១០០,០០០រៀល៕