(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ បានចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោក នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ ចុះជួបផ្ទាល់ដល់លំនៅឋាន របស់កុមារកំព្រា៤នាក់ បងប្អូន ដែលបច្ចុប្បន្នពួកគេទាំងបួននាក់ បងប្អូន រស់នៅភូមិពងទឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញុ។
ក្នុងឱកាស ចុះទៅជួបផ្ទាល់ដល់លំនៅឋាននោះ លោក អ៊ុយ សំអាត បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូន និងបានដោះស្រាយបញ្ចប់បញ្ហា ដែលពាក់ព័ន្ធទៅនឹងការរឹបអូសយកដីធ្លី ផ្ទះសម្បែងពីសំណាក់ អង្គការអភិវឌ្ឍន៍មុខរបរ និងលំនៅដ្ឋានកម្ពុជា (CPC) ដែលបញ្ហានេះ បានបន្សល់ទុកពីឪពុករបស់កុមារកំព្រាទាំងបួននាក់នោះ កាលពីគាត់នៅរស់។
បងប្អូនកុមារកំព្រាទាំង៤នាក់ មានឈ្មោះ ៖ ១-កុមារី ហួត ស្រីយ៉ា អាយុ ១៥ឆ្នាំ, ២-សាមណេរ ហួត ឆាយយុទ្ធ ព្រះជន្ម ១៣វស្សា, ៣-កុមារា ហួត វាសនា អាយុ ៩ឆ្នាំ និង ៤-កុមារា ហួត សុខហេង អាយុ៧ឆ្នាំ។ ពួកគេត្រូវបានឪពុកស្លាប់ចោលថ្មីៗនេះ បន្ទាប់ពីម្តាយបានស្លាប់មុន រយៈពេល២ឆ្នាំមកហើយ ហើយសព្វថ្ងៃបងប្អូនកំព្រាទាំងបួននាក់នោះ រស់នៅជាមួយជីតាជរា និងអ៊ុស្រី២នាក់ទៀត មានជីវភាពលំបាកខ្លាំង ជាអ្នកមើលថែទាំពួកគេ។
នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ និងក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ពី សុខទុក្ខប្រជាពលរដ្ឋ ពិសេសជនងាយរងគ្រោះបំផុតដូចជាករណី កុមារកំព្រាទាំង៤នាក់នេះ ព្រមទាំងបានប្រគល់អំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ៖ អង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាក និងដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ៕