(សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ ទិន្ន័យដ៏ថ្មីបំផុតនេះត្រូវបានចេញផ្សាយនៅចំទិវាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍គឺថ្ងៃទី០១ ខែធ្នូនេះតែម្តង។
គួរបញ្ជាក់ថា MOH និងគណៈកម្មាធិការលើកស្ទួយសុខភាព (HPB) បានស្នើយ៉ាងទទូចទៅដល់ប្រជាជនសិង្ហបុរីគ្រប់រូបដែលកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងវីរុស HIV ឲ្យទៅកាន់មណ្ឌលសុខភាពដើម្បីធ្វើតេស្តឈាមឲ្យបានទៀតទាត់ ព្រោះថា វាអាចជួយពិនិត្យរកអ្នកផ្ទុកវីរុសនៅឯដំណាក់កាលដំបូង ដែលអនុញ្ញាតឲ្យពួកគេទទួលបានការមើលថែទាំទាន់ពេលវេលា និងមានឱកាសសម្រាប់ស្វែងយល់អំពីការការពារដៃគូរស្នេហាមិនឆ្លងវីរុសនេះ ហើយជីវិតរបស់អ្នកផ្ទុកវីរុស HIV ក៏នៅតែអាចជួបភាពស្រស់បំព្រងបានដូចគេដូចឯងបានផងដែរ៕