(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ហើយរហូតមកដល់យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ វេទិកាធុរកិច្ចកម្ពុជា-ចិន ត្រូវបានប្រកាសបិទបញ្ចប់ហើយ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា។
វេទិការៀបចំរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Minsheng Investment Group -CMIG) និងក្រុមហ៊ុន លីយ៉ុងផាត់គ្រុប (អិល.វ៉ាយ.ភី គ្រុប) របស់កម្ពុជា។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករមកពីប្រទេសចិន និងកម្ពុជា ជួបពិភាក្សាអំពីការវិនិយោគរបស់ប្រទេសចិននៅកម្ពុជានៅក្នុងវេទិកានេះ ព្រមទាំងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគផ្សេងៗផងដែរ។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន សម្តេចតេជោ ហ៊ុន សែន ក៏បានប្រសាសន៍ជាច្រើនដូចជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងដែរថា ប្រទេសចិនបានជួយសាងសង់ផ្លូវវែងជាងគេ ដែលពេលនេះមានប្រវែងសរុប១៥០០គីឡូម៉ែត្រ និងជួយសាងសង់ស្ពានរួចចំនួន ៧មានប្រវែងសរុប ៣,១០៤ម៉ែត្រ។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ដោយភាពអំណោយផលនៃស្ថិតភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតនៅលើគន្លងនៃការ អភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងអត្រាកំណើនជាមធ្យម៧.៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ ហើយក្នុងឆ្នាំ២០១៦នេះ អត្រាកំណើននឹងសម្រេចបានក្នុងរង្វង់៧ភាគរយ។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងអំពីការបន្តជំរុញ អ្នកវិនិយោគទុនមកកម្ពុជា និងពង្រឹកពង្រីកបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អបន្ថែមទៀតរវាងអ្នកវិនិយោគទុនកម្ពុជា-ចិន៕