(ភ្នំពេញ)៖​ មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ (APA) ដែលរៀបចំឡើងរយៈពេល៤ថ្ងៃ នៅខេត្តសៀមរាប-អង្គរ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជប់ដោយជោគជ័យ ខណៈដែលគណៈប្រតិភូសភានៃ ប្រទេសជាសមាជិកទាំង២៣ សុទ្ធតែសរសើរពីការខិតខំប្រឹង និងការលះបង់របស់រដ្ឋសភាកម្ពុជាដើម្បីសុខសន្តិភាពនៃ ប្រជាជាតិអាស៉ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋសភានៃកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី០១ ខែធ្នូនេះ។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងយ៉ាងដូច្នេះថា «មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ បានបិទបញ្ចប់ ដោយជោគជ័យ គណៈប្រតិភូនៃប្រទេសចូលរួមទំាងអស់ បានសម្តែងការកោតសរសើរ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់សភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកពង្រឹងលទ្ធភាព ការងារសភា តំបន់អាស៊ី ក្នុងការកសាងសុខសន្តិភាព ជូនប្រជាជាតិអាស៊ី តាមចក្ខុវិស័យរបស់អេភីអេ តាមរយៈការទទួលរៀបចំ មហាសន្និបាតសភាតំបន់អាស៊ី នៅឆ្នាំ២០១៥ និងឆ្នាំ២០១៦នេះ»

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ជាលទ្ធផលនៅក្នុងកិច្ចប្រជុំសំខាន់ៗ នៃគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំបន់អាស៊ី បានសម្រេចនូវសេចក្តីព្រាងចំនួន២១ សម្រាប់ជាឯកសារគតិយុត្តិ ក្នុងការជំរុញសុខសន្តិភាព សាមគ្គីភាពនៃក្នុងតំបន់អាស៊ី ដែលជាទិសដៅនៃបេសកកម្មសភា តំបន់អាស៊ីក្នុងការធ្វើសមាហរណកម្មប្រជាជាតិអាស៊ី ឲ្យសមប្រកបដោយវិបុលភាព និងការអភិវឌ្ឍដោយនិរន្តរភាព តាមយន្តការសភា។ ជាមួយគ្នានេះ មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ក៏បានចេញ ប្រកាសទីក្រុងសៀមរាប ដើម្បីបញ្ជាក់ជំហរនិងឆន្ទៈរបស់អង្គការនីតិប្បញ្ញត្តិនេះ ជូនដល់មតិជាតិនិងអន្តរជាតិផងដែរ។

សូមជម្រាបថា មហាសន្និបាតសភាតំបន់អាស៊ី ដែលហៅកាត់ថា (APA) បានដំណើរការកិច្ចប្រជុំ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដែលមានគណៈប្រតិភូសភាប្រទេស ជាសមាជិកសភាតំបន់អាស៊ី ចំនួន២៣ប្រទេសចូលរួម ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ី» បានបិទបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ៕