(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យបញ្ឈប់ការនាំចូលរថយន្តជជុះមកកាន់កម្ពុជា ក្នុងបំណងកាត់បន្ថយកំណើនយានយន្ត និងរំដោះការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ និងជួយរាជធានីភ្នំពេញឲ្យមានសណ្ដាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។
បើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP លោក ប៉ា សុជាតិវង្ស ប្រកាសដូច្នេះក្នុងពេលរូបលោកជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលចរាចរនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅសាលារាជធានីភ្នំពេញ។ លោក ប៉ា សុជាតិវង្ស បានថ្លែងថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅស្នើសុំកាត់បន្ថយផែនការមិនឲ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត ប៉ុន្តែជំរុញលើកទឹកចិត្ដឲ្យមានការនាំចូលរថយន្តថ្មីៗជំនួសវិញ។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា «ការកាត់បន្ថយការនាំចូលរថយន្តជជុះ គឺជាវិធានការចំពោះមុខមួយ ក្នុងការដោះស្រាយបញ្ហាកកស្ទះ ចរាចរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលចំនួនរថយន្តកំពុងមានសន្ទុះកើនឡើងជារៀងរាល់ឆ្នាំ។ ប្រសិនរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលនៅតែ បន្តអនុញ្ញាតឱ្យនាំចូលរថយន្តជជុះ ក្នុងមួយឆ្នាំជិត ៥ម៉ឺនគ្រឿង នាពេលដ៏ខ្លីខាងមុខនេះផ្លូវទំាង អស់ក្នុងរាជធានីភ្នំពេញ មិនអាចធ្វើចរាចរណ៍ បានឡើយដោយផ្លូវមានស្ថានភាពតូចចង្អៀត អាចផ្ទុករថយន្តបានត្រឹមតែជាង១០ម៉ឺនគ្រឿងប៉ុណ្ណោះ»។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា បច្ចុប្បន្នចំនួនរថយន្តដែលបានចុះបញ្ជីក្នុងរាជធានីភ្នំពេញមានចំនួនជាង ៤០ម៉ឺនគ្រឿងរួចទៅហើយ ហើយអាជ្ញាធរចាំបាច់ណាស់ត្រូវតែដោះស្រាយបញ្ហានេះ ឲ្យបានបើពុំដូច្នេះទេរាជធានីភ្នំពេញ នឹងក្លាយទៅជារាជធានីកកស្ទះចរាចរដ៏ធ្ងន់ធ្ងរជាក់ជាមិនខាន ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងដែរថា បញ្ហាកកស្ទះចរាចរនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បានធ្វើឲ្យខាតបង់ប្រេងសំាង ដោយគិតជាទឹកប្រាក់កើនឡើង រហូតដល់ជាង២០លានដុល្លារក្នុងមួយឆ្នាំៗ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះគម្រោងបញ្ឈប់ការនាំចូលរថយន្តជជុះនេះដោយវាមិនត្រឹមតែបានកាត់បន្ថយ បញ្ហាកកស្ទះចរាចរប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយបញ្ហាគ្រោះថ្នាក់នៅលើដងផ្លូវថែមទៀតផង។
នាយឧត្តមសេនីយ៍ បានថ្លែងដូច្នេះ «រថយន្តជជុះគឺជារថយន្តសំរាម ដែលគ្មានគុណភាពខូចបច្ចេកទេសផ្សេងៗ ហើយត្រូវបានយកមកកែច្នៃបន្តពេលនាំ ចូលមកដល់កម្ពុជា។ ដូច្នេះរថយន្តទំាងនេះ នៅពេលបើកបរ ពុំសូវមានសុវត្ថិភាពឡើយ ដោយជួបគ្រោះថ្នាក់ម្តងៗ គឺបណ្តាលរងគ្រោះធ្ងន់ធ្ងរ និងមានការឆេះផ្ទុះជាដើម»។
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជា បាននាំចូលរថយន្តទំាងជជុះ និងឡានថ្មីរហូតដល់ជាង ៥ម៉ឺនគ្រឿង ក្នុងនោះ មានតែជាង ១០ភាគរយប៉ុណ្ណោះជាឡានប្រភេទថ្មី៕