(កោះកុង)៖ សកម្មភាពនៃការសងសង់ សិប្បកម្មកែឆ្នៃវល្លិ៍រមៀត នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការ គ្រោងប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តកោះកុង ត្រូវបានផ្អាកសកម្មភាពទាំងស្រុងហើយ។ នេះជាការបញ្ជាក់ឱ្យដឹង របស់ក្រុមមន្ត្រីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីបានចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំង នោះដោយមានការចូលរួមពីក្រុមមន្ត្រីមកពីមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយអាជ្ញាធរស្រុកថ្មបាំង អាជ្ញាធរ ឃុំឫស្សីជ្រុំ មេភូមិគគីរជ្រុំ អង្គការសម្ពន្ធ័មិត្តសត្វព្រៃ។

ក្រុមមន្ត្រីបានឱ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យក្រុមហ៊ុនដែលគ្រោងដំណើរការកែឆ្នៃវល្លិ៍រមៀត មានទីតាំងនៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង បានធ្វើឡើង បន្ទាប់ពីក្រសួងបរិស្ថានបានចេញលិខិតឱ្យក្រុមហ៊ុនពាក់ព័ន្ធផ្អាកសកម្មភាពជាបន្ទាន់ និងបានស្នើសុំអន្តរាគមន៍ជាបន្ទាន់ទៅកាន់ អភិបាលខេត្តកោះកុងនូវការ សាងសង់បង្កើតទីតាំង កែឆ្នៃវល្លិ៍រមៀត និងការគ្រោង ប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តកោះកុង។ នៅលើទីតាំង ក្រុមការងារបានរកឃើញ ឧបករណ៍មួយចំនួនដែលបានធ្វើហើយ ដូចជាប្រពន្ធ័ទឹក  លូទឹកធ្វើអំពីដែក រណ្តៅដីសំរាប់ស្តុកសំណល់ជញ្ជីងសំរាប់ថ្លឹង រថយន្ត និងសម្ភារបម្រើឱ្យការផលិតឃើញមានអំបិល អាស៊ីត ម៉ាស៊ីនភ្លើងធុនធំថ្មី១គ្រឿង ម៉ាស៊ីនកាត់វល្លិ៍រមៀត៦ និងអេស្កាវ៉ាទរ១ គ្រឿង។  

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានស្នើដល់អភិបាលខេត្តកោះកុងអន្តរាគមន៍ផ្អាកជាបន្ទាន់ នូវការសងសង់សិប្បកម្មកែឆ្នៃវល្លិ៍រមៀត នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការគ្រោងប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តកោះកុងដោយក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ខូអិលធីឌីនិងក្រុមហ៊ុន ឆៃ ជីងហ្វាង គ្រុប។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជា បទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា ៩៧ ដែឡត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើ ថ្នាក់ទី១។ ទន្ទឹមនឹងនេះ ការប្រមូលនិងកែច្នៃវល្លិ៍រមៀត នឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម ធនធាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នោះ។

ក្រសួងបរិស្ថានក៏បានស្នើឱ្យអាជ្ញាធរខេត្តបន្តដឹកនាំត្រួតពិនិត្យករណីនេះ និងចាត់វិធានការជាក់ស្តែងតាមនីតិវិធីច្បាប់ ដែលមានជាធរមាន៕