(ភ្នំពេញ)៖ ករណីបាញ់ប្រហារដែលបង្កឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ផ្តើមចេញពីមន្រ្តីយោធាម្នាក់ និងបុរសម្នាក់ទៀត ខឹងក្រុមចោរកាច់កញ្ចក់ រថយន្ត ទើបជិះម៉ូតូដេញតាម រហូតបាញ់គំរាមក្រុមចោរតែម្តង។

លោក ឡាយ ឧត្តម មេបញ្ជាការរងអាវុធហត្ថខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ករណីបាញ់ប្រហារនេះ ពិតជាបានកើតឡើងមែន ដោយមន្រ្តីយោធាម្នាក់ នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខឹងចោរកាច់កញ្ចក់រថយន្តរបស់ខ្លួន ពេលនោះ ក៏បើកដេញតាមចោរ ហើយដកកាំភ្លើងបាញ់គំរាមចំនួន៤គ្រាប់តែម្តង។

បើតាមលោក ឡាយ ឧត្តម នៅពេលនេះ កម្លាំងអាវុធហត្ថរបស់លោក ក៏បានឃាត់បុរសទាំង២នាក់នេះ យកទៅសួរនាំសិន ពីមូលហេតុបន្ថែមទៀត។

ដោយឡែក លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ក៏បានប្រាប់ថា «ករណីកើតមានមែន គឺមកពីមន្រ្តីយោធាខឹងនឹងចោរ កាច់កញ្ចក់រថយន្តគាត់ តែរឿងនេះខាងអាវុធហត្ថគេធ្វើហើយ»។ លោកថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលរបស់លោក ក៏បានជួយអន្តរាគមន៍ភ្លាមៗផងដែរ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌសែនសុខ លោក ជួន សុជាតិ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុនោះ មានចោរលួចទៅកាច់កញ្ចក់រថយន្ត របស់មន្រ្តីយោធាខាងដែលចតនៅលើផ្លូវ ស្រាប់តែពេលនោះគាត់ឃើញទាន់ ក៏ស្រែកឲ្យឈប់ តែចោរមិន គាត់និងបុរសម្នាក់ទៀត ក៏ជិះម៉ូតូដេញតាមស្រែកចោរឲ្យឈប់ តែចោរមិនឈប់ថែមទៀត ក៏គាត់បាញ់ជាការគំរាម ចំនួន២គ្រាប់។

បើតាមសមត្ថកិច្ចមន្រ្តីយោធាដែលជាអ្នកបាញ់មានឈ្មោះ កុល សុខជា អាយុ៣៧ឆ្នាំ រស់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ អ៊ឹម សាវ៉ុន អាយុ៤៦ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី៕