(ភ្នំពេញ)៖ សល់តែប្រមាណជាង១ម៉ោងទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់ បន្ទាប់ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចពន្យារពេល១ថ្ងៃ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមប្រញាប់រួសរាន់ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
គ.ជ.ប បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីចុះបោះឆ្នោតថ្មី ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់នៅត្រឹមម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកានេះ។
ការចុះឈ្មោះបោះឆ្នោត ត្រូវបានចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរចំនួន ៧,៨៣២,៧២១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ដែលស្មើនឹង៨០ភាគរយ។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕