(ភ្នំពេញ)៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោមការដឹកនាំពីលោក អេង សោភា នាយការិយាល័យ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្ហាញ និងអំពាវនាវស្វែងរកម្ចាស់ម៉ូតូ១គ្រឿង ឲ្យមកទទួលយកទៅវិញ ក្រោយកិច្ចសហប្រតិបត្តិការបង្ក្រាប និងដកហូតបានពីក្រុមជនល្មើស។
លោកវរសេនីយ៍ត្រី តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបង្ហាញថា ម៉ូតូ១គ្រឿងដែលសមត្ថកិច្ចកំពុងស្វែងរក ម្ចាស់ឲ្យមកទទួលនេះ ម៉ាកវេវ ព ណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-1806 និងមានម្ចាស់ឈ្មោះ លន់ ឡុងហាក់ ភេទប្រុស កើតឆ្នាំ ១៩៧៥ ព្រមទាំងប្រើទូរស័ព្ទលេខ 097 644 5684 ស្នាក់នៅផ្ទះលេខ785 ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ជាមួយគ្នានេះនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក៏បានធ្វើការស៊ើបអង្កេតតាមរយៈ អាស័យដ្ឋានខាងលើ ប៉ុន្តែរកមិនឃើញឈ្មោះ លន់ ឡុងហាក់ នៅក្នុងមូលដ្ឋាននោះទេ។
ទោះបីយ៉ាងណា ប្រសិនបើបងប្អូនប្រជាពលរដ្ឋអាចរកម្ចាស់ ម៉ូតូឃើញសូមជួយទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោមនេះផង 012 866 670៕