(ភ្នំពេញ)៖​ បន្ទាប់​ពី​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយប្រតិភូខេត្តហឺណាន ប្រទេសចិន នាទីស្ដីការក្រសួងទេសចរណ៍ រួចមក លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានបន្តចូលរួមជា​សហអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយសក្តានុពលទេសចរណ៍​ និងវិនិយោគលើវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហឺណាន សំដៅស្រូបយកកំណើនទេសចរពីគ្នាទៅវិញទៅមក។​

កម្មវិធីផ្សព្វផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ​ដោយមានការចូលរួមពី លោក Zhang Guangzhi អភិបាល​រង​ខេត្តហឺ​ណាន​ និងលោក​ Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំ​កម្ពុជា​ គណៈប្រតិភូ​ខេត្ត​ហឺ​ណាន ​ថ្នាក់​ដឹកនាំ​ក្រសួងទេសចរណ៍​ និងប្រតិបត្តិករទេសចរណ៍​។

ក្នុង​កិច្ច​ពិភាក្សា​ និង​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ លោក​រដ្ឋមន្រ្តី​បាន​លើកឡើង​ពីគោលដៅសំខាន់ៗមួយចំនួន រួមមាន៖
ទី១.​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ជំរុញ​ការ​វិនិយោគ​ចិន​ ខេត្តហឺ​ណាន ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា, ទី២.ជំរុញការហោះហើរ​ត្រង់​ពី ខេត្ត​ហឺណាន​មកកម្ពុជា និងទី៣.ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ និងខេត្ត​ហឺណាន ​ប្រទេស​ចិន​។

ភាគី​ខេត្តហឺណាន ប្រទេសចិន ​បាន​គាំទ្រយ៉ាងពេញទំហឹង ​និង​សន្យា​ជំរុញ​អ្នក​វិនិយោគខេត្តហឺ​ណាន​ ឲ្យមកបោះទុនវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅកម្ពុជា​ និង​ជំរុញ​ការ​តភ្ជាប់​ការ​ហោះហើរ​ត្រង់​ ខេត្ត​ហឺ​ណាន​-កម្ពុជា​ ផងដែរ។

លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា «យោងតាមស្ថិតិពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទំហំវិនិយោគិនចិននៅកម្ពុជា ក្នុងឆ្នាំ២០១៥ មានចំនួន ៨៥៦.៥២លានដុល្លារ ឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា (FDI)»

សូមជម្រាបថា រយៈពេល៩ខែ ដើមឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៣.៥លាននាក់ កើនឡើង ៤.៨ភាគរយ ក្នុងនោះមានភ្ញៀវចិនចំនួន ៥៧៧,២៨៣នាក់ កើនឡើង ១២.៥ភាគរយ។ តាមការព្យាករណ៍ទុក ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងទទួលទេសចរចិនមកទស្សនាប្រមាណ ៩០ម៉ឺននាក់៕