(ភ្នំពេញ)៖ «ឧត្តមស្វាមី» ជាចំណងជើងបទចម្រៀងមួយ ដែលនិយាយពីជីវិតស្រ្តី ជាភរិយាទទួលបាន សុភមង្គល ភក្តីភាព ភាពស្មោះត្រង់ពីស្វាមី ធ្វើឲ្យនារីជាភរិយា រំភើបចិត្ត ជាមួយក្រុមគ្រួសារ ដ៏រីករាយ ដើម្បីកសាងវាសនា អនាគត ទៅថ្ងៃមុខ។
បទចម្រៀង «ឧត្តមស្វាមី» ជាប្រភេទបទ Original Song ដែលធ្វើឲ្យអ្នកស្តាប់ មានក្តីរំភើបជាមួយវីរៈភាព និងទឹកចិត្តសណ្តោសប្រណី ការយោគយល់ អាធ្យាស្រ័យឲ្យគ្នារវាងស្វាមី និងភរិយា។
ជួបជាមួយអ្នកនិពន្ធទំនុកច្រៀង កញ្ញា ច័ន្ទ មល្លិកា អ្នកនិពន្ធប្រចាំនៅផលិតកម្មទីក្រុងភាពយន្តថោន និងជាអ្នកនិពន្ធទំនុកចម្រៀង បទ «ឧត្តមស្វាមី»នេះ ក៏បានរៀបរាប់ឲ្យដឹងដែរថា ជាការពិតទៅ បទ ឧត្តមស្វាមី គឺជាបទមួយឆ្លុះបញ្ចាំង ពីសង្គមគ្រួសារបច្ចុប្បន្ន ហើយភាគច្រើនកន្លងមក ការនិពន្ធមានតែបទបែកបាក់។ ការនិពន្ធបទនេះឡើងគឺចង់សំដៅទៅលើ សុភមង្គល នៅក្នុងក្រុមគ្រួសារ ដែលជាសុភមង្គលមួយដ៏មានតំលៃបំផុត សម្រាប់មនុស្សជាតិ ក៏ដូចជាបុគ្គលនីមួយៗ ដែលបានបង្កើតគ្រួសារបង្កើតមនោសញ្ចេតនា នៃក្តីស្រលាញ់ ដោយសុភមង្គលនេះ គឺផ្តើមឡើងពីយើងទាំងអស់គ្នា លើសពីនេះទៅទៀត គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យ គ្នាទៅវិញទៅមក។
មល្លិកា បានបញ្ជាក់ទៀតថា គោលបំណងចំបងមួយទៀត ក្នុងបទនេះ គឺចង់ចូលរួមកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារផងដែរ។
កញ្ញា ច័ន្ទ មល្លិកា បន្ថែមថា «យើងស្តាប់នូវបទចម្រៀងនេះ ឬក៏មើល MV បទនេះ ហើយបញ្ចូលអារម្មណ៍ទៅក្នុង ចម្រៀងមួយនេះ ពេលនោះយើងគួរមានអារម្មណ៍គិត ពីផ្ទះរបស់យើង គ្មានអ្វីដែលមានសុភមង្គល ជាងផ្ទះរបស់យើងទេ ដោយមានការផ្តល់កំលាំងចិត្ត ពីកូនក្តី ពីប្រពន្ធក្តី ជាពិសេសក្នុងនាមជាស្វាមី ក្នុងបទនេះ ដែលស្រ្តីជាភរិយា មានក្តីរំភើប ចំពោះភក្តីភាពរបស់ស្វាមី មានកាតព្វកិច្ច ទំនួលខុសត្រូវខ្ពស់។ បទនេះផងដែរ គឺបានសម្រង់ចេញពីគ្រួសារមួយ ដែលក្នុងនាម ជាអ្នកនិពន្ធផ្ទាល់ បានជួបទិដ្ឋភាពក្រុមគ្រួសារ មួយនេះ គឺល្អ សូម្បីតែពាក្យពេចន៍ បង្រៀនកូន ក្នុងការនិយាយស្តី ពិរោះពិសារ ហើយប្តីប្រពន្ធ ក៏មិនដែលមានភាពរកាំរកូស ពោរពេញដោយការយោគយល់ និងយល់ចិត្តគ្នា»។
ងាកមកអ្នក និពន្ធបទភ្លេងបទ «ឧត្តមស្វាមី» លោក ដា ភ្លេង បានឲ្យដឹងថា បទ «ឧត្តមស្វាមី» ជាបទដែលបង្កើតឡើង ដោយខ្លួនឯង ទាំងសាច់ភ្លេង ទាំងទំនុកភ្លេង ទំនុកច្រៀង និងមីឡូឌី ដែលអាចនិយាយបានថា ជាបទ Original Song។ បទនេះចង់និយាយពីជីវិត គូស្នេហ៍ធ្លាប់តស៊ូ បង្កើតបានជាគ្រួសារមួយ មានសុភមង្គល។
លោក ដា ភ្លេង បន្តថាចំពោះបទភ្លេង គឺមាន ណោត កម្សត់ និង ណោត សប្បាយ មានណោត រំភើប ណោតកន្រ្តាក់អារម្មណ៍ ហើយសម្រាប់បទនេះ គឺប្រើរូបារម្មណ៍ សប្បាយរីករាយ ជាមួយនិងអ្វីដែលគេទទួលបាន អ្វីដែលគេបង្កើត រួមជាមួយការស្ញប់ស្ញែង ជាមួយមនុស្សដែលយើងស្រលាញ់។
រីឯកញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំកម្ពុជា និងជាអ្នកចម្រៀង ប្រចាំផលិតកម្ម ទីក្រុងភាពយន្ត ថោន ហើយក៏ជាអ្នកច្រៀង បទ «ឧត្តមស្វាមី» នេះ បានអោយដឹងថា «ខ្ញុំពិតជាស្រលាញ់បទនេះមែនទែន ដោយសារអត្ថន័យ ខុសប្លែកពី បទចម្រៀង ដែលនាងខ្ញុំច្រៀង កន្លងមក។ និយាយទៅជាប្រភេទបទ ស្នេហាដូចគ្នា ប៉ុន្តែបទស្នេហា ដែលធ្លាប់ច្រៀងពីមុនៗមក គឺអត់ទាក់ទងទៅហ្នឹង ភក្តីភាព ដែលភរិយាមាន ទៅអោយស្វាមី ចំៗ អញ្ចឹងទេ គឺមានលក្ខណៈបែប យុវវ័យ និងន័យរួមទាំងអស់តែម្តង»។
កញ្ញា មាស សុខសោភា ឲ្យដឹងទៀតថា សម្រាប់អត្ថន័យបទចម្រៀងនេះ គឺទូលំទូលាយ ចំពោះអ្នកដែលបាន រៀបអាពាហ៍ពិពាហ៍ រួចហើយ ជាយូរឆ្នាំ គាត់នឹងស្រលាញ់នូវបទចម្រៀងនេះ។ ក្នុងការដាក់អារម្មណ៍ច្រៀង បទនេះ ផលលំបាក របស់កញ្ញា មាស សុខសោភា គឺនៅត្រង់ចំណុច ដែលកញ្ញាមិនទាន់ មានស្វាមី និងមិនទាន់មានកូន គឺមនោសញ្ចេតនាមួយនេះ កញ្ញាមិនធ្លាប់ឆ្លងកាត់ ដូច្នេះទើបធ្វើ អោយចំណាយពេលជាច្រើនថ្ងៃ ក្នុងការច្រៀងបទនេះ សម្លេងបាន ប៉ុន្តែអារម្មណ៍ដាក់មិនទាន់ដល់។ នេះជាការបញ្ជាក់របស់ កញ្ញា មាស សុខសោភា។
ចំណែកអ្នកដឹកនាំសម្តែង បទចម្រៀង «ឧត្តមស្វាមី» លោក ប៊ុន រតនា ហៅ សេម ដែលបានផ្តល់បទសម្ភាសន៍ពីក្រៅប្រទេស ដែលពេលនេះលោកកំពុងសិក្សា ជំនាញថតកុននៅក្រៅប្រទេស មកនោះថា បទចម្រៀង «ឧត្តមស្វាមី» ជាប្រភេទជីវិតពិត ដែលខុសពីបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» ត្រង់ថា មានឈុតឆាក គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ជាច្រើន ប៉ុន្តែបទ «ឧត្តមស្វាមី» មិនមានទេឈុត ឆាកបែបហ្នឹង។ ផ្ទុយទៅវិញ គឺមានឈុតឆាកដែលកើតមាននៅក្នុងសង្គមបច្ចុប្បន្ន ជារឿងសំខាន់មួយ របស់ស្វាមី ដែលមានកាតព្វកិច្ច ចំពោះភរិយា ដោយត្រូវគិតពីអនាគត ក្រុមគ្រួសារ ត្រូវមានផែនការបែបណាខ្លះ ក្នុងគ្រួសារ និងមានទំនួលខុសត្រូវ អ្វីខ្លះ ចំពោះភរិយា និងគ្រួសារ។
លោក ប៊ុន រតនា បទនេះបានរៀបរាប់ពីកាតព្វកិច្ចរបស់ ស្វាមី ព្រោះថាពាក្យ ឧត្តមស្វាមី មិនមែនគ្រាន់តែរកលុយមកផ្គត់ផ្គង់គ្រួសារនោះទេ អញ្ចឹងវាមានរឿងរ៉ាវច្រើនទៀត ដើម្បីធ្វើឲ្យគ្រួសារមានសុភមង្គល។ ទាក់ទងនឹងបទនេះ ចង់បង្ហាញទៅស្វាមីគ្រប់រូប មានការទំនួលខុសត្រូវ ខ្ពស់ ចំពោះភរិយា និងគ្រួសារ និយាយរួមទៅ គឺចង់លើកពីតួនាទី ភារកិច្ច ជាពិសេសពាក្យថា ឧត្តមស្វាមី នេះមានន័យបែបណា។ បើតាមវចនានុក្រុម សម្តេច ជួន ណាត បានបកស្រាយថា ឧត្តមស្វាមី គឺជាស្វាមី ដ៏ល្អថ្លៃថ្លា ខ្ពស់ខ្ពស់។
លោកបន្ថែមថា បទ «ឧត្តមស្វាមី» គឺដកស្រង់ចេញពីសាច់រឿងពិត យកមកធ្វើ និងទាក់ទងការផលិតនោះទៀត យើងត្រូវស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅ ហើយចំណុចពិបាករបស់ខ្ញុំ គឺខ្ញុំមិនទាន់មានភរិយា ដូច្នេះខ្ញុំមិនដឹងថា តួនាទីជាឧត្តមស្វាមី វាយ៉ាងណា។ សម្រាប់បទនេះ ក៏ជារឿងមួយដែលពិបាកសម្រាប់ខ្ញុំ ធម្មតាយើងចង់បង្ហាញសាច់រឿង ដែលជាក់ស្តែងទៅទស្សនិកជន អ្នកដឹកនាំត្រូវតែដឹងច្បាស់ពីអារម្មណ៍ ក្នុងសាច់រឿងនោះ។
លោក សេម បន្តថា ចំពោះតួអង្គដែលបានចូលរួមសម្តែង ក្នុងបទនេះមាន តួសម្តែងពីក្មេង លោក អ៊ុន សុធា និង កញ្ញា នៅ សូនីតា រហូតវ័យចំណាស់ ចូលរួមសម្តែងពីតារាជើងចាស់ អ្នកនាង អម្ពរ ទេវី និងលោកគ្រូ វុធ។
សូមបញ្ជាក់ថា នេះជាស្នាដៃថ្មីមួយទៀត របស់ផលិតកម្ម ថោន ដែលនិយាយពីជីវិតប្តីប្រពន្ធ និងជាបទភ្លេង Original Song ស្នាដៃកូនខ្មែរ ខិតខំសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ ទាំងអ្នក និពន្ធ ទំនុក ច្រៀង មាន កញ្ញា ចន្ទ មល្លិកា អ្នកនិពន្ធទំនុកភ្លេង មាន លោក ដា ភ្លេង អ្នកដឹកនាំថត មាន លោក ប៊ុន រតនា ហៅ សេម និងអ្នកច្រៀង កញ្ញា មាស សុខសោភា៕