Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ រដ្ឋ Wisconsion យល់ព្រមឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ

27-11-2016 10:16

(អាមេរិក)៖ គណៈកម្មាការរៀបចំការ បោះឆ្នោតនៃរដ្ឋ Wisconsin បានឯកភាពគ្នានៅថ្ងៃសៅរ៍នេះ ថានឹងធ្វើការរាប់សន្លឹកឆ្នោត នៅទូទាំង រដ្ឋសាជាថ្មីឡើងវិញ ទៅតាមសំណើរបស់គណបក្ស Green Party ដែលកំពុងចេញយុទ្ធនាការ ឲ្យមានការសើររើនិងផ្ទៀងផ្ទាត់សំឡេង ឆ្នោតដូចគ្នានេះនៅតាមរដ្ឋ ចំនួនពីរផ្សេងទៀត ដែលលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានយកឈ្នះ លោកស្រី ហ៊ីលឡារី គ្លីនតុន ដោយលទ្ធផលប្រកៀកប្រកិតគ្នាជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia
នៅយប់ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

គណៈកម្មាការទទួលបន្ទុករៀបចំការបោះឆ្នោតបានឲ្យដឹងថា ដំណើរការនៃការរាប់សំឡេងឆ្នោតឡើងវិញនេះ នឹងត្រូវធ្វើឡើងដោយវិធី សាស្រ្តនៃការរាប់ដោយដៃនូវក្រដាសឆ្នោតជិត ៣លានសន្លឹកនៅតំបន់ទាំង៧៣ក្នុងរដ្ឋ Wisconsin ទាំងមូល ហើយរំពឹងថានឹងចាប់ផ្តើម នៅចុងសប្តាហ៍ក្រោយ បន្ទាប់ពីលោកស្រី Jill Stein បានបង់ថ្លៃចំណាយរួចរាល់សម្រាប់ដំណើរការនេះ ដោយលទ្ធផលនៃការរាប់ សន្លឹកឆ្នោតឡើងវិញត្រូវតែ សម្រេចឲ្យបាននៅមុនថ្ងៃទី១៤​ ខែធ្នូ។

លោកស្រី Jill Stein អតីតបេក្ខភាពប្រធានាមកពីគណបក្ស Green Party រៃអង្គាសប្រាក់បានចំនួនយ៉ាងហោចណាស់៥លានដុល្លារ
ពីសប្បុរសជន គិតចាប់តាំងពីលោកស្រី បានចាប់ផ្តើមយុទ្ធនាការកាលពីថ្ងៃអង្គារសប្តាហ៍នេះមក ដើម្បីទាមទារឲ្យមានការរាប់សន្លឹក
ឆ្នោតឡើងវិញនៅក្នុងរដ្ឋ Wisconsin, Michigan, និង Pennsylvania ខណៈរដ្ឋទាំងបីនេះគឺសមរភូមិប្រកួតប្រជែងដ៏ស្វិតស្វាញដែលលោក ដូណាល់ ត្រាំ បានយកឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយសំឡេងឆ្នោតមិនខុសគ្នាឆ្ងាយប៉ុន្មាននោះឡើយហើយទង្វើបែបនេះ របស់លោកស្រី Stein គឺដើម្បីតែផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវ ក្នុងប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នប៉ុណ្ណោះដោយមិនមែន ក្នុងគោលបំណងចង់ផ្តួលភាពជោគជ័យរបស់លោក ត្រាំ ឡើយ។

គួរបញ្ជាក់ថា ទោះបីជានៅក្នុងរដ្ឋ Wisconsin, Michigan, និង Pennsylvania លោក ដូណាល់ ត្រាំ មិនឈ្នះដាច់ឆ្ងាយប៉ុន្មានក្តី
ក៏ការរាប់សន្លឹកសាជាថ្មីនេះទំនងជានឹងមិនអាចធ្វើឲ្យ លោកស្រី គ្លីនតុន ប្រែជាឈ្នះនៅក្នុងរដ្ឋទាំងបីនេះវិញបានឡើយ ដោយនៅរដ្ឋ
Pennsylvania លោក ត្រាំ បានឈ្នះ៧០,០១០សំឡេង, រដ្ឋ Michigan ឈ្នះ១០,៧០៤សំឡេង, និងរដ្ឋ Wisconsin ឈ្នះ២៧,២៥៧សំឡេង៕