(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រគល់ វិញ្ញាបនបត្រ ជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៨១៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាទួលស្លែង) ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា សិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡង បញ្ចប់ទាំង ៤០ជំនាន់ មានចំនួន ១០.១៥១នាក់។ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះ ដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ច្បាប់ចរាចរណ៍ផ្លូវគោក និងការយល់ដឹងពីគ្រឿងញៀន) ទី២.កម្មវិធី ពង្រឹងស្មារតី (ដូចជា ការប្រកួតប្រជែងនិយាយជាសាធារណៈ-និយាយជាភាសាអង់គ្លេស និងវេទិកាជជែក ពិភាក្សាជាសាធារណៈ) ទី៣.កម្មវិធីទស្សនកិច្ចសិក្សា(ដូចជា ព្រះប្ររមរាជវាំង, សារមន្ទីរជាតិ និងតំបន់ទេស ចរណ៍នានា) ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍(សិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ) ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរ ចំពោះក្មួយៗដែលបានខិតខំ យកចិត្តទុក ដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់ គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។
លោកបានមានប្រសាសន៍ថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារ មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិត ស្ថាប័ននានា ក្រសួង អប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ប៊ែលធី បានបង្កើតប៊ែលធីទំនាក់ទំនង អន្តរជាតិ
ដើម្បីធ្វើការទំនាក់ទំនង ជាមួយបណ្តាសាកលវិទ្យាល័យ នានា ទូទាំងពិភពលោក និងមានទទួលបម្រើសេវាកម្មធំៗចំនួន ៥ ដូចខាងក្រោម៖
១.បញ្ជូនសិស្ស-និស្សិត ប៊ែលធី ដែលពូកែ ឬសិស្សនិទ្ទេសA ទៅសិក្សាក្រៅប្រទេស តាមរយៈអាហារូបករណ៍ ឧកញ៉ា លី ឆេង ២.បញ្ជូនសិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃ ទៅសិក្សានៅក្រៅប្រទេស
៣.បញ្ជូនបុគ្គលិក និងសិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេសទៅទស្សនកិច្ចសិក្សាក្រៅប្រទេស
៤.កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស
៥.បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស
លោកអគ្គនាយកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយ នៅពេលបញ្ចប់ Level 12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5 ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និង ជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
បន្ទប់មក លោក ប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សជ័យលាភីទាំង ៨១៩នាក់ នាពេលនោះផងដែរ៕