(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ស្ពឺ នៅពឹ្រកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រគល់អំណោយជាអង្ករចំនួន៨តោន ដល់ទីបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ។ ការប្រគល់អំណោយនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ានី និងលោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល សួរសុខទុក្ខដល់នាទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រី ជួ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឡើងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការចំណុះបញ្ជាការដ្ឋានទាំងអស់ បានបំពេញភារកិច្ចក្នុងការរក្សាស្ថេរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់ការប៉ុនប៉ងនានា គ្រប់រូបភាពផងដែរ។
លោកមេបញ្ជាការ បន្ដថា នាពេលខាងមុខកងរាជអាវុធ នឹងខិតខំបំពេញតួនាទីភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន ដោយផ្នែកតាមការចង្អុលបង្ហាញដោយផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខិតខំយកចិត្តទុកដាក់សុខទុក្ខពលរដ្ឋ ជាពិសេសការពារសន្តិសុខសណ្តាប់ធ្នាប់តាម មណ្ឌលបោះឆ្នោតនាពេលខាងមុខ ខិតខំរក្សាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ សង្គមជាតិទាំងមូល និងរក្សាស្ថេរភាពនយោបាយក្នុងប្រទេសក្នុងនោះ ប្តេជ្ញាទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បន្តទប់ស្កាត់ទប់ស្កាត់រាល់ការប្រមូលផ្តុំមនុស្សបង្កចលាចលគ្រប់រូបភាព។
លោកបន្ថែមថា ក្រៅពីការងារ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ កងរាជអាវុធហត្ថបានរួមសហការគ្នា ក្នុងកសាងជំរំជំរកស្នាក់នៅ កន្លែងហូមចុក របស់កងទ័ពឲ្យបានប្រសើរផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងកោតសរសើរ ដល់កងកកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលជានិច្ចជាកាល បានបំពេញភារកិច្ចក្នុងរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សារធាណ:ជួនប្រជាពលរដ្ឋ និងប្រទេសជាតិ អាវុធហត្ថខេត្តបានចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ ជួយសង្គមជាតិយ៉ាងច្រើន។ លោកអភិបាលបន្ដថា ដោយមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការរួមចំណែកយ៉ាងសកម្មពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ក៏ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់នាយទាហាន នាយទាហានរងទាំងអស់ផងដែរ។
លោកតំណាងរាស្ត្រ ថ្លែងថា ដោយមានការខិតខំប្រឹងប្រែងតស៊ូបំពេញភារកិច្ច របស់កងកម្លាំងទាំងអស់ ជាពិសេសកម្លាំងអាវុធហត្ថ ទើបធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត ប្រកបកិច្ចការងាររកស៊ីបានល្អប្រសើរ និងដេកបានលក់ស្រួលដូចសព្វថ្ងៃនេះ ក្នុងនោះកងកម្លាំងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួរសារ ប្រពន្ធកូន ផ្ទះសំបែងត្រូវបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់គ្រប់កាលៈទេស លើកការកម្ពស់ជីវភាព ដល់កងកម្លាំង។
ក្នុងនាមលោក ជាតំណាងរាស្រ្ត សូមកោតសរសើរ ដោយស្មោះចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានខិតខំគ្រប់បែបយ៉ាង ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណជូនពលរដ្ឋ ជាងនេះទៅទៀតបានធ្វើពិធីបុណ្យជាតិធំៗក្នុងខេត្ត ឲ្យមានសុខសន្តិភាព៕