(កូរ៉េខាងត្បូង)៖ ឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានដឹកនាំក្រុមការងារស្វែងរកជំនួយផ្លូវច្បាប់ ជូនពលការិនីខ្មែរ២នាក់ ដែលត្រូវថៅកែ ប្រើអំពើហិង្សាមកលើរាងកាយ កាលពី ២ឆ្នាំកន្លងទៅ តែមិនទាន់មានដំណោះស្រាយ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា មកដល់ពេលនេះ ស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានរកមេធាវី ស្ម័គ្រចិត្តកូរ៉េ ដោយសហការផ្ទាល់ជាមួយ លោកស្រី ប៉ាក មីហាំ ប្រធានសមាគមកម្ពុជាឆុនណាំក្វាងជូ ដើម្បីសើរើ និងពិនិត្យសំណុំរឿងនេះឡើងវិញហើយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកថា ក្រុមការងារបានរៀបចំឯកសារនៅតុលាការទីក្រុងក្វាងជូរួចរាល់ហើយ ដើម្បីស្នើសុំពិនិត្យសំណុំរឿង និងតាមដាននីតិវិធីតុលាការឡើងវិញ ហើយក្រុមការងារស្ថានទូត នឹងបន្ដខិតខំប្រឹងប្រែង បំពេញភារកិច្ចឲ្យអស់ ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ និងការពារសិទ្ធជូនពលការិនីទាំងពីរនាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដ៏ទៃទៀត។
គួរបញ្ជាក់ថា ការអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក ឡុង ឌីម៉ង់ បានធ្វើ ឡើង បន្ទាប់ពីបានទទួលសំណូមពរជួយអន្ដរាគមន៍ រកអយុត្តិធម៌ពីសំណាក់ពលការិនី ពីរនាក់ ទី១ ឈ្មោះ ជកៃ គង្កា និងទី២ ឈ្មោះ ហេង ប៉ុន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត។
ស្រ្តីពលការិនីទាំងពីររូបខាងលើនេះ ត្រូវបានថៅកែប្រើអំពើហិង្សាមកលើរាងកាយ កាលពី ២ឆ្នាំកន្លងទៅ នៅរោងចក្រ មួយកន្លែងក្នុងតំបន់ក្វាងជូធំ ហើយមិនទាន់ដោះស្រាយរួចរាល់៕