Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានយាងគោរពវិញ្ញាណក្ខន្ធ ម្តាយក្មេក លោក សម រង្ស៊ី នាព្រឹកថ្ងៃនេះ (Video inside)

26-11-2016 09:46

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩៖៤០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់បានយាងចូលរួមពិធីបុណ្យសពឧបាសិកា ញឹក ជូឡុង - មាសកេត សមភ័ត្រ ដែលត្រូវជាម្តាយរបស់លោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់ លោក សម រង្ស៊ី។

ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ ហើយពេលនេះសពរបស់ លោកយាយ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាន លោក សម រង្ស៉ី នាផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជំរាបថា ពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព នៅយប់មិញនេះ។ ជាមួយគ្នានេះ កូនប្រុសសម្តេចតេជោគឺលោក ហ៊ុន ម៉ានី បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្តេចក៏បាន ទូរស័ព្ទជួបដោយផ្ទាល់ ជាមួយលោកស្រី ជូឡុង សូមួរ៉ា រយៈពេលប្រមាណ៥នាទី ដោយបានសម្តែងការសោយស្តាយនិងចូលរួម រំលែកទុក្ខចំពោះការទទួលមរណភាពរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដោយសម្តេចតេជោបានបញ្ជាក់ថា ជាកាយវិការក្នុងនាមយើងជាខ្មែរដូចគ្នា៕