(សៀមរាប)៖ ប្រតិបត្តិករទេសចរណ៍ ជាង២០នាក់ បានជួបជុំគ្នា ដើម្បីពង្រឹងនិរន្តរភាពទេសចរណ៍ និងបានបរិច្ចាគថវិកាមួយចំនួន សម្រាប់សកម្មភាពមនុស្សធម៌ នៅរាត្រីជួបជុំក្លឹបប្រតិបត្តិករ ទេសចរណ៍សៀមរាប លើកទី១៣ «13th Siem Reap Tourism Club (STC)» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅឯសណ្ឋាគារ ហ៊ីលឡក់ ហូថែលនិងស្ប៉ា ស្ថិតនៅខេត្តសៀមរាប។
ការជួបជុំគ្នានាពេលនេះ ធ្វើឡើង ក្នុងគោលបំណង ធ្វើយ៉ាងណាដើម្បីឱ្យប្រតិបត្តិករទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធបានជួបជុំ ពិភាក្សារកគន្លឹះ និងចែករំលែកនូវបច្ចុប្បន្នភាព ក៏ដូចជារបកគំហើញថ្មីៗ ក្នុងវិស័យទេសចរណ៍ រវាងគ្នាទៅវិញទៅមកក្នុងការចូលរួម ចំណែករក្សាឱ្យបាននូវប្រសិទ្ធិភាព និងនិរន្តរភាព នៃវិស័យទេសចរណ៍កម្ពុជា និងមួយផ្នែកទៀត គឺដើម្បីបានបរិច្ចាគថវិកាមួយចំនួន សម្រាប់សម្មភាពមនុស្សធម៌ ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ច័ន្ទ សុភា ដែលជាអនុប្រធានក្លឹប និងជាគណៈកម្មការគ្រប់គ្រង នៃសមាគមចុងភៅកម្ពុជា។
លោក ច័ន្ទ សុភា បានលើកឡើងថា «ក្នុងនាមយើងជាប្រតិបត្តិករទេសចរណ៍ គឺយើងមានភារកិច្ច និងកាតព្វកិច្ចក្នុងការចូលរួម ចំណែកជាមួយរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីលើកកម្ពស់នូវកំណើននៃវិស័យទេសចរណ៍ក៏ដូចជាឧស្សាហកម្ម ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តសៀមរាប ប្រកបដោយប្រសិទ្ធិភាព ស្ដង់ដារសេវា និងឈានឆ្ពោះទៅ រក្សាឱ្យបាននួវនិរន្តរភាព លើវិស័យដ៏សំខាន់មួយនេះ ដែលបានបង្កើតឱកាសការងារយ៉ាងច្រើន សម្រាប់ពលរដ្ឋខ្មែរ យើងនាពេលបច្ចុប្បន្ននេះ និងបានរួមចំណែកលើកកម្ពស់នៃកំណើនសេដ្ឋកិច្ចជាតិ»។
លោក ហ្វីលីព កៅ ប្រធានក្លឹបទេសចរណ៍សៀមរាប (STC) បានឲ្យដឹងថា នៅរាត្រីនេះ ក៏ដូចជា កាលពី ១២រាត្រីលើកមុន ក្លឹបប្រតិបត្តិករទេសចរណ៍ ខេត្តសៀមរាប បានរៀបចំឱ្យមានការជួបជុំគ្នា ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឱ្យប្រតិបត្តិករទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ បានជួបជុំរក្សានូវចំណងសាគ្គីភាព កិច្ចសហការ និងបានពិភាក្សារកគន្លឹះ ហើយចែករំលែកនូវព័ត៌មានបច្ចុប្បន្នភាព ក៏ដូចជារបកគំហើញថ្មីៗ សម្រាប់វិស័យទេសចរណ៍រវាងគ្នាទៅវិញទៅមក ក្នុងការចូលរួមចំណែករក្សាឱ្យបាននូវប្រសិទ្ធិភាពនិងនិរន្តរភាព នៃវិស័យទេសចរណ៍ នៅខេត្តសៀមរាប ក៏ដូចជាកម្ពុជា ហើយក្នុងនោះដែរ គឺសមាជិកបានចូលរួមបរិច្ចាគថវិការមួយចំនួនដើម្បីបានរួម ចំណែកសកម្មភាពមនុស្សធម៌និងសង្គមផងដែរ៕