ក្រសួងការបរទេសរុស្ស៊ី៖ សហរដ្ឋអាមេរិកមិនបានគិតគូទាល់តែសោះ ចំពោះសន្តិសុខជនស៊ីវិលអ៊ីរ៉ាក់ នៅក្នុងទីក្រុង Mosul
26-11-2016 09:13
(មូស្គូ)៖ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលកំពុងដឹកនាំការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងនឹងក្រុម ISIS នៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ហាក់ដូចជា មិនបានខ្វាយខ្វល់ ឬក៏ធានានោះឡើយនូវសន្តិសុខសម្រាប់ជនស៊ីវិលអ៊ីរ៉ាក់ ខណៈប្រជាជន អ៊ីរ៉ាក់រាប់សែននាក់ កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Izvestia ប្រតិភូក្រសួងការបទេសរុស្ស៊ី លោក Konstantin Dolgov បានអំពាវនាវឱ្យ ក្រុមចំរុះអន្តរជាតិ មានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូពីសន្តិសុខជនស៊ីវិលអ៊ីរ៉ាក់។ លោក Dolgov លើកឡើងដូច្នេះថា «យើងបាន និយាយច្រំដែលជាច្រើនដង តែវាពិតជាចាំបាច់ណាស់ក្នុងការគិតគូ ចំពោះសន្តិសុខស៊ីវិល នៅពេលធ្វើប្រតិបត្តិការ យោធាប្រឆាំងនឹងក្រុមភេរវករ បើពុំដូច្នោះទេ អ្នករងគ្រោះនៅតែជាជនស៊ីវិល ហើយការបំផ្លិចបំផ្លាញក៏កាន់តែកើនឡើងផងដែរ»។
សូមជំរាបថា ចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ បើកប្រតិបត្តិការយោធាវាយយកទីក្រុង Mosul ពីក្រុម ISIS នៅថ្ងៃ ទី១៧ ខែតុលាមក កងទ័ពអ៊ីរ៉ាក់បានរីកចំរើនទៅ មុខជាងការរំពឹងទុក ដោយបានវាយយកសង្កាត់ជាច្រើននៃទីក្រុង Mosul។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ការព្រួយបារម្ភក៏ចេះតែកើនឡើងដែរ ពាក់ព័ន្ធនឹងលំហូរភៀសខ្លួនរបស់ ក្រុមសកម្មប្រយុទ្ធ ISIS ចូលទៅក្នុងទឹកដីស៊ីរី៕