(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងអះអាង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននឹងកំពុងរីកចំរើនយ៉ាងខ្លាំង ដោយបច្ចុប្បន្នវិស័យនេះ មានទ្រព្យសកម្មកើនឡើង ដល់ប្រមាណ១៦ភាគរយ នៃសកម្មរបស់វិស័យធនាគារ ដោយបានផ្តល់ឥណទានដល់ប្រជាជន២.១លាននាក់ និងមានអ្នកដាក់ប្រាក់បញ្ញើ ចំនួន១.៥លាននាក់ផងដែរ។
ការថ្លែងរបស់លោកស្រី នាវ ច័ន្ទថាណា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជាតំណាងរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចូលរួមក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំលើកទី៣ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា៖ កាលានុវត្តភាព និងហានិភ័យ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ»។
លោកស្រីបានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែក យ៉ាងសកម្មដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដោយបាន លើកស្ទួយកម្រិត រស់នៅរបស់ពួកគាត់តាមរយៈការពង្រីក ការផ្តល់សេវាហិរញ្ញវត្ថុ ទៅតាមទីជនបទ។
លោកស្រីបានលើកឡើងថា ការទទួលបានកម្ចីទាំងនេះ បានអនុញ្ញាតឲ្យប្រជាជនក្រីក្រ មានដើមទុនប្រកបអាជីវកម្ម ហើយក៏ផ្តល់ លទ្ធភាព ដល់សហគ្រាសធុនតូច និងមធ្យម ពង្រីកសកម្មភាពសេដ្ឋកិច្ច របស់ខ្លួនផងដែរ។ ដូច្នេះបានបង្កើតឱកាស ការងារជាច្រើន នៅតាមជនបទ។
លោកស្រីបានបញ្ជាក់ទៀតថា «ដោយសារតួនាទីដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជា វិស័យចំបងដែលគាំទ្រ ដល់ការ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ បច្ចុប្បន្នមនុស្សពេញវ័យដែលកំពុងប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការមាន ប្រមាណ៤៥ភាគរយ នៃប្រជាជនពេញវ័យសរុប ធៀបនឹងប្រមាណ១៧ភាគរយ នៅមួយទសវ្សរ៍មុន»៕