(មណ្ឌលគិរី)៖ តបតាមការដង្ហោយហៅ របស់ប្រជាពលរដ្ឋជាង២០០គ្រួសារ និងសិស្សានុសិស្សជាច្រើននាក់ នៅឃុំសុខសាន ស្រុកកោះញែក រដ្ឋបាលខេត្តមណ្ឌលគិរី បានចាប់ផ្ដើមសាងសង់ស្ពានមួយ ឆ្លងកាត់អូរច្បារ ប្រវែងជិត៩០ម៉ែត្រ ជូនពួកគាត់ធ្វើដំណើរ ឆ្លងមកទីប្រជុំជន និងមកសាលារៀន។
ការសាងសង់ស្ពានខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សត្រើយម្ខាង ដែលកាលពីមុន ពួកគាត់ត្រូវជិះក្បូនឆ្លងអូរ មកទីប្រជុំជន និងសាលារៀន។ ស្ពាននោះ ប្រវែងជិត៩០ម៉ែត្រ ទទឹងជិត២ម៉ែត្រ កម្ពស់១០ម៉ែត្រ គ្រឹះសងខាង ស្ពានសង់ពីបេតុង។
ចំពោះថវិកាសាងសង់ស្ពាននោះ ជារបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងថវិកាមួយចំនួនបានមកពីសប្បុរសជន នានាផង និងបានមកពីបណ្តាក្រុមហ៊ុនមួយចំនួនផង សរុបថវិកា១៥,០០០ដុល្លារ ដែលគ្រោងដាក់ឲ្យប្រើប្រាស់ ក្នុងខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។
ប្រជាពលរដ្ឋបានលើកឡើងថា រាល់ពេលរដូវវស្សាមកដល់ ទឹកអូរច្បារហូរឡើងខ្លាំង មិនអាចធ្វើដំណើរឆ្លងកាត់បានទេ ពួកគាត់ត្រូវជិះ ក្បូនឫស្សីមួយផ្ទាំង ជាយានចម្លងសម្រាប់នាំពួកគាត់មកសាលារៀន។ សកម្មភាពបែបនេះ ត្រូវបានមហាជននៅមូលដ្ឋានបានធ្វើការ រិះគន់ធ្ងន់ៗ ដល់អាជ្ញាធរស្រុកកោះញែកថា គ្មានចេតនាក្នុងការរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍បានងាយស្រួល ជាពិសេសក្មេងៗសិស្សសាលា ពិបាកក្នុងការធ្វើដំណើរមកសាលារៀន។
លោក សៀត គឹមសាន នាយកសាលាកែរពៅ រួមទាំងសិស្សានុសិស្ស បានសាទរចំពោះអាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានជួយសម្រួល ដល់ទុកលំបាករបស់ពួកគាត។
លោក ស្វាយ សំអ៊ាង នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានថ្លែងថា ការយឺតយ៉ាវក្នុងការសាងសង់ស្ពានយោលខាងលើនេះ ដោយសារមកពីឆ្នាំនេះទឹកជំនន់ធំខ្លាំង ដូច្នេះក្រុមសាសង់មិនអាចសម្រុកធ្វើការងារនេះ ឲ្យបានលឿននោះឡើយ ម៉្យាងវិញទៀត កាលពីពេលថ្មីៗកន្លងទៅ សម្ភារៈធ្វើស្ពានជាច្រើន ត្រូវបានក្រុមជំនាញដឹកជញ្ជូនទៅដាក់ទីនោះ ប៉ុន្តែជួបគ្រោះទឹកជំនន់ឡើងខ្លាំងពេក ក៏ត្រូវបានទឹកហូរគួចបាត់អស់មួយចំនួនធំ តែឥឡូវនេះ ទឹកចាប់ផ្តើមស្រកទៅវិញ ក្រុមជាងកំពុងសម្រុកសាសង់ឲ្យបានរួចរាល់ ក្នុងខែធ្នូ ឆ្នាំនេះ៕