(ភ្នំពេញ)៖ លោកស្រី ប៉ានី យ៉ាថរទូ (Pany Yathotou) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃកម្ពុជា ដោយសុវត្ថិភាព នៅវេលាម៉ោង៩៖៤៥នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល២ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
តាមគម្រោង នៅរសៀលថ្ងៃទី២៥ វិច្ឆិកានេះ លោកស្រី ប្រធានរដ្ឋសភា នឹងត្រូវទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នៅវិមានរដ្ឋសភា ដោយសម្តេចចក្រី ហេង សំរិន ដែលលោកស្រី ត្រូវជួបសម្តែងការគួរសម និងចរចាទ្វេភាគី ជាមួយសម្តេចប្រធានរដ្ឋសភាក្នុងការ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសរដ្ឋសភានៃប្រទេសកម្ពុជា-ឡាវ។
សូមជម្រាបថា ក្រៅពីជួបសម្តែងការគួរសម និងចរចាទ្វេភាគី ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាហើយ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ប៉ានី យ៉ាថរទូ និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ជាមួយគ្នានេះ គណៈប្រតិភូ នឹងអញ្ជើញដាក់កម្រផ្កា នៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះបរមរូប ព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ ទៀតផង៕