(ភ្នំពេញ)៖ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលមួយគ្រួសារស្លាប់ស្ទើរផុតពូជ ដែលកើតឡើង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបង្កឡើងដោយរថយន្តតាក់ស៉ី Lexus RX300 បុកជាមួយរថយន្តធំ លើផ្លូវជាតិលេខ៥ ស្ថិតនៅឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបងនោះ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាន គរបាលជាតិ សូមចូលរួមពន្យល់ ផ្នែកច្បាប់ចរាចរណ៍ផ្លូវគោកពាក់ព័ន្ធករណី បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ អ្នកបើកបររត់គេចខ្លួន និងករណីរថយន្តដែល បង្កគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់ដើមមិនបានកាត់ឈ្មោះ ត្រឹមត្រូវជាដើម។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានពន្យល់តាមផ្លូវច្បាប់ថា៖ «បទរត់គេចខ្លួន»
ពាក់ព័ន្ធករណីអ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួនបាត់នោះ ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ជននោះត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤លានរៀល។
យោងតាមច្បាប់មាត្រា ៥៤៣៖ បានថែងយ៉ាងដូច្នេះថា «បទរត់គេចខ្លួន ! អំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោកឬផ្លូវទឹកដែលបាន ដឹងច្បាស់ថា ខ្លួនទើបតែបង្កឲ្យមានគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០(មួយលាន) រៀល ទៅ ៤ ០០០ ០០០(បួនលាន)រៀល»។
លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានបន្តពន្យល់មួយករណីទៀតថា៖ «ករណីរថយន្តលក់ទៅឲ្យម្ចាស់ថ្មី ដោយមិនបានកាត់ឈ្មោះ ត្រឹមត្រូវ» ក្នុងករណីរថយន្តមួយបានលក់ទៅឲ្យម្ចាស់ថ្មី ដោយមិនបានកាត់ឈ្មោះត្រឹមត្រូវ ហើយរថយន្តនោះបង្កគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះម្ចាស់រថយន្តដើម តាមច្បាប់ត្រូវផ្តល់ សំណងទៅដល់ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចំណែកម្ចាស់រថយន្តថ្មី ដែលជា អ្នកបើកបរ ក៏ត្រូវទទួលទោសតាមច្បាប់ផងដែរ។
ជាមួយគ្នានេះ ប្រធាននាយកដ្ឋានរូបនេះ ក៏បានអំពាវនាវដល់អ្នកបើកបរគ្រប់រូប មេត្តាគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបណ្តាលឲ្យស្លាប់ទាំង៥នាក់ មានប្រុសម្នាក់ និងស្រី៤នាក់ (កុមារីម្នាក់) ក្នុងគ្រួសារតែមួយ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយលើ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងដោយរថយន្តដែលជនរងគ្រោះជួលជិះម៉ាក Lexus RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-0998 បានទៅបុកជាមួយរថយន្តធន់ធំ ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ 3C-7509 ក្នុងទិសដៅបញ្ច្រាស់គ្នា ពោលរថយន្តរបស់ជនរងគ្រោះ ធ្វើដំណើរពីទិសដៅ ភ្នំពេញ-បាត់ដំបង ហើយរថយន្ត HINO ធ្វើដំណើរទិសដៅ បាត់ដំបង-ភ្នំពេញ។
យោងតាមសមត្ថកិច្ច ដែលបានត្រួតពិនិត្យមើលកាតគ្រីរថយន្ត បានបង្ហាញថា រថយន្ត HINO មានម្ចាស់កម្មសិទ្ធិឈ្មោះ ឈុន រដ្ឋា រស់នៅផ្ទះលេខ១៩៣ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែករថយន្ត Lexus មានម្ចាស់កម្មសិទ្ធិ ជាក្រុមហ៊ុន ហូលី អ៉ីខូ អ៉ិនដាស់ស្រ្ទៀល៕