(សៀមរាប)៖ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទទួលជួបគណៈប្រតិភូរដ្ឋសភាខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកស្រី HE LONGQUN ប្រធានគណៈកម្មការកិច្ចការជនជាតិភាគតិច នៃរដ្ឋសភាខេត្តក្វាងស៊ី។
ពិធីជួបពិភាក្សានេះ គណៈប្រតិភូរដ្ឋសភាខេត្តក្វាងស៊ី មានបំណងស្វែងយល់អំពីបេសកកម្ម របស់អាជ្ញាធរជាតិអប្សរា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក លើកិច្ចការងារគ្រប់គ្រង អភិរក្សជួសជុល និងអភិវឌ្ឍន៍វិស័យទេសចរណ៍រមណីយដ្ឋានអង្គរ។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធផលនានា ដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ដោយរួមទាំងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ ក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាយស៊ីស៊ីអង្គរ។
ជាមួយគ្នានេះដែរ លោកអគ្គនាយក ក៏បានផ្តល់ជូននូវឯកសារគតិយុត្តគោល ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ហើយក៏បានអញ្ជើញក្រុមការងារជំនាញ របស់ខេត្តក្វាងស៊ីមកទទួលយកនូវបទពិសោធន៍ នៃកិច្ចការងារដោយផ្ទាល់នៅអាជ្ញាធរជាតិអប្សរា នាពេលខាងមុខ៕