(ភ្នំពេញ)៖ ​បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីគោលការណ៍សំខាន់ៗ៨ចំណុច នៅក្នុងការរៀបចំថវិកាជាតិ ឆ្នាំ២០១៧ នៅថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញ រួចមក នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រសួងបានបង្ហាញពីការវិភាជថវិកា (បែងចែកថវិកា) សម្រាប់បើដល់ វិស័យសង្គមកិច្ចរបស់កម្ពុជា។

ការបង្ហាញការវិភាជនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក មានការលើកឡើងដោយអ្នកនយោបាយមួយចំនួនថា រាជរដ្ឋាភិបាលមិនបានយកចិត្ត ទុកដាក់ ក្នុងការបង្កើនថវិកា ដល់វិស័យសង្គមកិច្ច ជាពិសេសក្រសួងអប់រំ និងក្រសួងសុខាភិបាល។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ជារួមរាជរដ្ឋាភិបាលបាន និងកំពុងបន្តផ្តល់ការយកចិត្តទុកដាក់ ដល់ការដំឡើងចំណាយថវិកាសម្រាប់ វិស័យសង្គមកិច្ចជាបន្តបន្ទាប់ ហើយវិស័យនេះ នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១ នៅក្នុងការវិភាជថវិកាជាតិឆ្នាំ២០១៧ ដោយក្នុងនោះ ការយកចិត្តទុកដាក់ត្រូវបានផ្តោតជាពិសេសលើក្រសួងអាទិភាពចំនួន ៣ គឺ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល

ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា «ចំណាយវិស័យសង្គមកិច្ចត្រូវបានបង្កើនពីចំនួន ២ ៨៦១ ១៩៧ លានរៀល, សមមូលប្រមាណ ៧១១ លានដុល្លារអាមេរិក, ត្រូវជា៤.៦៦% នៃផសស (ផលិតផលក្នុងស្រុកសរុប) នៅក្នុងឆ្នាំ២០១៣ ឡើងដល់ចំនួន៥ ៧៥៤ ០៩៣ លានរៀល, សមមូលប្រមាណ ១ ៤២១ លានដុល្លារអាមេរិក, ត្រូវជា ៦.៤៦% នៃ ផសស នៅក្នុងឆ្នាំ២០១៧  និងមានកំណើន ១៨.៩% ធៀបនឹងច្បាប់ ឆ្នាំ២០១៦ ហើយមានសមាមាត្រស្មើនឹង ២៨.៥% នៃចំណាយថវិកាថ្នាក់ជាតិ។ ដូចនេះ ជានិន្នាការ, គឺទំហំចំណាយរបស់វិស័យសង្គមកិច្ច មានការកើនឡើងខ្លាំងជាងគេ ធៀបជាមួយនឹងវិស័យផ្សេងៗទៀត»

ដោយឡែក ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនពីចំនួន ១ ០៨៤ ៥៨០ លានរៀល, សមមូលប្រមាណ ២៦៩ លានដុល្លារ, ត្រូវជា ១.៧៧% នៃ ផសស នៅក្នុងឆ្នាំ២០១៣ ឡើងដល់ចំនួន ២ ៧៣៩ ៩១៣ លានរៀល, សមមូលប្រមាណ ៦៧៧ លានដុល្លារ ត្រូវជា ៣.០៨% នៃ ផសស នៅក្នុងឆ្នាំ២០១៧ និងមានកំណើន ២៤.២% ធៀបនឹងច្បាប់ឆ្នាំ២០១៦។

ក្រៅពីការគិតគូរទៅដល់ ការដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន និងបុគ្គលិកសិក្សា, ការវិភាជថវិការបស់ក្រសួងអប់រំ យុវជននិងកីឡា នៅឆ្នាំ២០១៧ បានផ្តល់អាទិភាពសំខាន់ទៅលើ៖

* ការបន្តផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅកម្រិតចំណោះទូទៅ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សនិងសម្រាល បន្ទុកចំណាយរបស់មាតាបិតា និងអាណាព្យាបាលសិស្ស ពិសេសដើម្បីផ្តល់ឱកាសដល់សិស្សក្រីក្រឱ្យទទួលបាននូវការអប់រំដោយ ស្មើភាព

* ការបន្តគាំទ្រដល់ការសាងសង់បង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនៅតាមសាលារៀន ដើម្បីបន្តលើកកម្ពស់អនាម័យរបស់ សិស្សានុសិស្សទូទៅ ជាពិសេសជួយសម្រួលដល់ការសិក្សារបស់សិស្សស្រី

* ការបន្តវិនិយោគលើការកសាងអគារសិក្សា និងការជួសជុលថែទាំងអគារសិក្សា ជាពិសេសនៅតាមមណ្ឌលប្រលងនានាទូទំាងប្រទេស  រួមទាំងការបំពាក់តុ កៅអី តាមសាលារៀន

* ការបន្តគាំទ្រដល់កិច្ចដំណើរការរបស់សាលារៀន និងលើកកម្ពស់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងនៅតាម សាលារៀន តាមរយៈ៖ (១)-ការបន្តផ្តល់ថវិកាដំណើរការដល់ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ (២)-ការលើកកម្ពស់ការងាររដ្ឋបាលសាលារៀន និង (៣)-ការបង្កើនថវិកាដំណើរការសាលារៀន

* ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀននៅគ្រប់កម្រិត ដោយផ្សារភ្ជាប់ជាមួយនឹងការកែទម្រង់ មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន តាមរយៈការបន្ថែមប្រាក់បំណាច់មុខងារប្រចាំខែ

* ការបន្តកែទម្រង់ការប្រឡង ការកែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សាគោល     

* ការបន្តបង្កើតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីផ្តល់ជម្រើសដល់សិស្សដែលរៀនចប់មធ្យមសិក្សាបឋមភូមិអាចមានលទ្ធភាព បន្តការសិក្សាជំនាញបច្ចេកទេស ដែលអាចរកការងារធ្វើបានសមរម្យ

* ការបន្តពង្រីកសាលារៀនជំនាន់ថ្មី

* ការបន្តលើកកម្ពស់គុណភាពឧត្តមសិក្សា ដោយផ្តោតលើការបង្កើនការចុះឈ្មោះចូលរៀនលើមុខវិជ្ជាវិទ្យាសាស្រ្តពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (ជំនាញ STEM) និង

* ការបន្តលើកកម្ពស់ការអប់រំកាយ និងកីឡា ពិសេសការបណ្តុះបណ្តាលកីឡាករ សម្រាប់ត្រៀមក្នុងការទទួលធ្វើម្ចាស់ផ្ទះនៃការប្រកួត កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។

ទន្ទឹមនឹងនេះដែរ ថវិការបស់ក្រសួងសុខាភិបាល ត្រូវបានបង្កើនពីចំនួន ៩០៣ ៥១០ លានរៀល, សមមូលប្រមាណ ២២៤ លានដុល្លារ, ត្រូវជា ១.៤៧% នៃ ផសស នៅក្នុងឆ្នាំ២០១៣ ឡើងដល់ចំនួន  ១ ៦៩៧ ៦១៥ លានរៀល, សមមូលប្រមាណ ៤១៩ លានដុល្លារ ត្រូវជា ១.៩១% នៃ ផសស នៅក្នុងឆ្នាំ២០១៧ និងមានកំណើន ១៩.៣% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ក្រៅពីការគិតគូរទៅដល់ការដំឡើង ប្រាក់បៀវត្សជូនគ្រូពេទ្យ, ការវិភាជថវិការបស់ក្រសួងសុខាភិបាលនៅឆ្នាំ២០១៧ បានផ្តល់អាទិភាពសំខាន់ទៅលើ៖

* ការបន្តគាំទ្រដល់កម្មវិធីមូលនិធិសមធម៌ឱ្យមានប្រសិទ្ធភាពនៅទូទាំងប្រទេស ដើម្បីផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃជូនដល់ ប្រជាជនក្រីក្រ
* ការបន្តបង្កើនកញ្ចប់ថវិកាប្រតិបត្តិការជូនទៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដោយផ្ទាល់ សម្រាប់បង់ថ្លៃសេវាព្យាបាលជួស ប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាពបង់ថ្លៃសេវាព្យាបាល និងដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវានៅនឹងកន្លែង

* ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់សម្ភារៈបរិក្ខារបចេ្ចកទេសចាំបាច់នានា និងបង្កើនការផ្គត់ផ្គង់ឱសថ ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីពង្រឹងគុណភាពនៃសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និង

* ការបង្កើនការគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជាជាបណ្តើរៗ ដើម្បីធានាបានថា មន្ទីរពេទ្យនេះនៅតែអាចរក្សាបាន នូវស្តង់ដាគុណភាព និងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដដែល នៅពេលដែលត្រូវបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋពេញលេញ៕