(ប៉ៃលិន)៖ ប្រជាពលរដ្ឋខេត្តប៉ៃលិន ជាច្រើននាក់ទទួលការព្យាបាលជម្ងឺទូទៅ និងព្យាបាលបញ្ហាមាត់ធ្មេញ ពីក្រុមគ្រួពេទ្យស្ម័គ្រចិត្តផ្នែក មាត់ធ្មេញ ប្រទេសកូរ៉េ (KWDA) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
លោក យិន សាំងហេង ប្រធានក្រុមចលនាយុវជនកម្ពុជាប្រចាំ សាខាខេត្តប៉ៃលិន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក១៥៧) បានចាត់ឲ្យរូបលោក ដឹកនាំក្រុមការងារចុះសហការណ៍ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេស កូរ៉េ (KWDA) មកពិនិត្យ និងព្យាបាលសុខភាពមាត់-ធ្មេញ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយឥតគិតថ្លៃ ដែលនឹងធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោកស្រី ហូ យុនហ៊ី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA) បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមក ព្យាបាលមាត់ធ្មេញ ជូនប្រជាពលរដ្ឋនៅពេលនេះ គឺក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាមាត់ធ្មេញ ហើយខ្វះធនធាន និងមធ្យោបាយក្នុងការព្យាបាល ក្រុមគ្រូពេទ្យរបស់លោកស្រី នឹងជួយព្យាបាលដោយឥតគិតថ្លៃ ដែលក្រុមគ្រូពេទ្យលោកស្រីធ្លាប់បានធ្វើ ជាបន្តបន្ទាប់មកហើយ ហើយនឹងបន្តធ្វើនៅឆ្នាំក្រោយៗទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវសុខភាពល្អប្រសើរ។
លោក អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានសម្ដែងនូវការ កោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញ ប្រទេសកូរ៉េ ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន។ លោកថា បច្ចុប្បន្ននេះនៅខេត្តប៉ៃលិនមានការខ្វះខាត នៅផ្នែកបច្ចេកទេស វិទ្យាសាស្រ្តមាត់ធ្មេញ និងសម្ភារៈមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះនៅពេលនេះ បានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA) ជួយព្យាបាលដល់ប្រជាពលរដ្ឋ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់ បានមួយកម្រិត។
លោកអភិបាលរងខេត្ត ក៏បានស្នើឲ្យមន្ទីរសុខាភិបាល សហការជួយសម្រួលរាល់ការងារពាក់ព័ន្ធទាំងអស់ ដល់ក្រុមគ្រូពេទ្យដើម្បីឲ្យ ដំណើរការបានល្អប្រសើរ ទន្ទឹមនឹងនេះលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ឲ្យមកទទួលយកនូវសេវា ព្យាបាលផ្នែកមាត់ធ្មេញ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឲ្យបានច្រើន និងទាន់ពេលវេលា៕