(​វ៉ាស៊ីនតោន)​៖ ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានជួប​សន្ទនាតាមទូរស័ព្ទជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុន Apple ​លោក ធីម ឃុក (​Tiim Cook) ស្ដីពីប្រធានបទនៃការផ្ទេររោងចក្រផលិត ឬតម្លើងផលិតផល Apple នៅក្នុងប្រទេសចិនមកកាន់ សហរដ្ឋអាមេរិកវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ជាមួយ កាសែត New York Times លោក ដូណាល់ ត្រាំ បានឱ្យដឹងដូច្នេះ «​នាយក ប្រតិបត្តិក្រុមហ៊ុន Apple ​លោក ធីម ឃុក បានទូរស័ព្ទមកខ្ញុំហើយខ្ញុំបានប្រាប់គាត់ថា ធីម! អ្នកដឹងហើយ សម្រាប់ខ្ញុំវាគឺបានផ្ដល់ផលចំណេញដ៏ច្រើនលើសលប់ដល់ ប្រទេសមួយចំនួនដូចជា ចិន និងវៀតណាម នៅពេលដែលអ្នកសាងសង់រោងចក្រនៅទីនោះ ដូច្នេះអ្នកគួរតែបង្កើតផលិតផលរបស់អ្នកនៅទីនេះ (សហរដ្ឋអាមេរិក)»។ លោក ត្រាំ​ បន្ថែមថា «ខ្ញុំគិតថាយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យអ្នកធ្វើកិច្ចការនេះ ហើយខ្ញុំជឿថា អ្នកនឹងធ្វើវាហើយយើងនឹងកាត់បន្ថយពន្ធក្នុងកំរិតមួយដែលអ្នកពេញចិត្ត»

គួរបញ្ជាក់ថាការតម្រូវឱ្យក្រុមហ៊ុន Apple​ ផលិតផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក គឺជាផ្នែកមួយ នៃសន្យារបស់លោក ដូណាល់ ត្រាំ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ ប៉ុន្តែយ៉ាងណាក៏ដោយ ​ក្រុមហ៊ុន Foxconn និង Pegatron ដែលជាដៃគូររបស់ក្រុមហ៊ុន Apple​ ធ្លាប់បានបដិសេធថា​វាមិនអាចធ្វើទៅរួចឡើយ ព្រោះថាទង្វើនេះនឹងធ្វើឱ្យ តម្លៃតម្លើងផលិតផលកើនឡើងទ្វេដង៕