(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត បានលើកឡើងថា សិក្ខាសាលាសម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនង នៅក្នុងមន្ទីរពេទ្យ ដែលបាន​រៀបចំឡើង នាពេលនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់ ឲ្យកាន់តែប្រសើរថែមទៀត នូវវីធីសាស្រ្តនៃការធ្វើការទំនាក់ទំនងជាសាធារណៈ ក៏ដូចជានៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ពិសេសគោលដៅសំខាន់ ធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាព នៃអ្វីដែលគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបានអនុវត្ត និងប្រតិបត្តិក្នុងការពិនិត្យព្យាបាលជំងឺ ក៏ដូចជាការងាររបស់ខ្លួន​ឲ្យកាន់តែយល់​ច្បាស់ថែមទៀត ពីកិច្ចទំនាក់ទំនងល្អទៅកាន់សាធារណៈជន និងដៃគូទាំងអស់ ក្នុងការមកពិនិត្យ ព្យាបាលជំងឺ និងអ្នកស្រាវជ្រាវទាំងឡាយនៅក្នុងមន្ទីរពេទ្យ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា បានលើកឡើង នៅក្នុងសិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងនៅក្នុងមន្ទីរពេទ្យ ដែលរៀបចំ ដោយមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦។

លោក អ៊ែ វេដូរី យ៉ាណូ  ប្រធានគ្រប់គ្រងបណ្តាញមន្ទីរពេទ្យ នៃទីក្រុងម៉ាសីប្រទេសបារាំង បានលើកឡើងថា ប្រធានផ្នែក គឺជាអ្នកដែលពិគ្រោះជាមួយអ្នកជំងឺដោយផ្ទាល់មានន័យថា ពួក​គាត់​រស់នៅ​ជាមួយអ្នកជំងឺរាល់ថៃ្ង ហើយប្រធានផ្នែក គឺមានទំនាក់ទំនង ជាមួយបុគ្គលិក ទាំងអស់នៅក្នុងមន្ទីរពេទ្យ ដូច្នេះកិច្ចការទំនាក់ទំនងវាចាំបាច់បំផុត និងមានសារសំខាន់​បំផុត​សម្រាប់ប្រធានផ្នែកក្នុងការកិច្ចការទំនាក់ទំនងល្អ ជាមួយអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ ដែលមកពឹងពាក់លើគ្រូពេទ្យ។

លោក បានបញ្ជាក់ថា សមត្ថភាព នៃកិច្ចការប្រាស្រ័យទំនាក់ទំនងល្អ ជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យ មិនចាំបាច់តែអគ្គនាយក និងថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​នោះទេ ប្រធានផ្នែកគឺជា ភ្នាក់ងារនាំមុខគេធំក្នុងការផ្តល់ការទំនាក់ទំនងរវាងប្រធានផ្នែកជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ។

លោកបញ្ជាក់ទៀតថា ប្រសិនបើទំនាក់ទំនងនៃការទាក់ទងគ្នាមិនបានល្អ និងធើ្វឲ្យអ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺ អាច យល់ ច្រលំបកប្រែខុស និង យល់ខុស ធ្វើឲ្យអ្នកជំងឺ និងក្រុមគ្រួសារ​អ្នកជំងឺ ធ្វើឲ្យគាត់យកទៅនិយាយខុសនាំឲ្យមានការភ័ណ្ឌច្រឡំ ខុសពីការនិយាយរបស់ប្រធានផ្នែកដែលជាអ្នកប្រឹក្សាយោលបល់ដល់អ្នកជំងឺ៕