Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលស្រុកនៅជាប់ព្រំដែន ត្រូវទប់ស្កាត់ឲ្យបាន ការជួលដីស្រែឲ្យវៀតណាម

22-11-2016 11:38

(តាកែវ)៖  លោក ឡាយ វណ្ណះ អភិបាកខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងដាច់អហង្ការ ឲ្យលោកអភិបាលស្រុក នៅតាមព្រំដែនត្រូវ ទប់ស្កាត់ឲ្យបាននូវការជួលដីស្រែ ឲ្យវៀតណាម។

លោកបានបន្ថែមថា អភិបាលស្រុករូបណា ដែលបណ្ដោយឲ្យមានការជួលដីស្រែ ឲ្យវៀតណាមខុសទៅផ្ទុយពីបទបញ្ជារបស់ រាជរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។

លោក ឡាយ វណ្ណះ បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងកិច្ចប្រជុំ ជាមួយអភិបាលស្រុក នៅតាមព្រំដែននិងមន្រ្តីពាក់ព័ន្ធ ជាច្រើនទៀត នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកអភិបាលខេត្ត អះអាងថា «អភិបាលស្រុកទាងអស់ត្រូវតែហៅប្រជាពលរដ្ឋ មកប្រជុំប្រាប់ពីសារាចរ របស់រដ្ឋាភិបាល និងជួបប្រជុំជាមួយភាគីវៀតណាម ឲ្យជួយណែនាំប្រជាពលរដ្ឋវៀតណាម កុំឲ្យមកជួលដីស្រែខ្មែរយើងតទៅទៀត»

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាតនៅការជួលដីស្រែ ឲ្យវៀតណាម ហើយសុខចិត្តទុកដី ទំនេចោលប្រជាពលរដ្ឋ ដែលមានដីស្រែនៅតាមព្រំដែន គឺមានតិចតួចទេ អ្នកដែលមាន ដីស្រែច្រេនរាប់រយហិកតាគឺពួកឈ្មួញ ធំៗឯនោះទេ»

លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអភិបាលស្រុក ត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋថា អាជ្ញាធរខេត្តកំពុងតែស្វែងរក អ្នកវិនិយោគទុន មកវិនិយោគដីស្រែ របស់បងប្អូនហើយ ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកវិនិយោគចិន និងមកសិក្សាវិនិយោគបង្កើតរោងចក្រជីនិងការ ធ្វើកសិកម្ម ដោយប្រើបច្ចេកទេសទាន់សម័យ ដែលអាចធ្វេស្រែបានផលប្រមាណ១០តោនក្នុងមួយហិកតា។

ជាការកត់សំគាល់ ពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៦ សម្តេចបានក្រើនរំលឹកជាថ្មី អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវទប់ស្កាត់ ឲ្យបាននូវការលក់ ឬជួលដីទៅឲ្យប្រជាជនវៀតណាម។

កន្លងមកមានសាធារណជនមួយចំនួន បានរិះគន់ថា រហូតមកដល់ពេលនេះ នៅតែមានការលក់ ឬជួលដី ទៅឲ្យប្រជាជនវៀតណាម។ ប៉ុន្តែជុំវិញការលើកឡើងនេះអាជ្ញាធរ ប្រចាំតំបន់ជាប់ព្រំដែនកម្ពុជា បានអះអាងឲ្យដឹងថា គ្មានការការលក់ ឬជួលដីទៅឲ្យប្រជាជន វៀតណាមឡើយ៕