(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិរហាត់ទឹក និងភូមិថ្នល់បត់ ស្រុកមង្គលបូរី។
ក្នុងឱកាសនោះ លោក ឈើយ ចាន់ណា បានថ្លែងថា «ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ បានរួមចំណែកក្នុងការធានាសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញការអភិវឌ្ឍទីផ្សារដីធ្លី ប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាណត្តិទី៥នេះ»។
លោកអភិបាលរងខេត្តបានបន្តថា កន្លងមក ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ ដែលមានបញ្ហាវិវាទដីធ្លីជាច្រើន បញ្ហាវិវាទទាំងនេះ កើតឡើងដោយសារតែដីធ្លីទាំងអស់នោះ មិនទាន់បានចុះបញ្ជី (មិនមានប័ណ្ណកម្មសិទ្ធិ) នៅឡើយ ដោយឡែកបច្ចុប្បន្ន បញ្ហាវិវាទដីធ្លីទាំងនោះ គឺមានការថយចុះជាច្រើន ដោយសារតែមានការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី។
លោកបន្តទៀតថា «ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់ ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន មិនតែប៉ុណ្ណោះ ក្រោយពីធ្វើការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនេះហើយ ម្ចាស់កម្មសិទ្ធិអាចយកទៅប្រើប្រាស់ ឬដាក់បញ្ចាំនៅតាមធនាគារ និងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តីត្រូវការ»។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានចែកដីជូនប្រជាពលរដ្ឋចំនួន៤លើក រាប់បញ្ចូលទាំងពេលនេះ៖
លើកទី១. នៅសម័យរដ្ឋកម្ពុជា បានធ្វើការបែងចែកដីជូនប្រជាពលរដ្ឋទូទាំងប្រទេស ពោល គឺគ្មានគ្រួសារណា គ្មានដីលំនៅឋាន ឬដីកសិកម្មទេ ព្រមទាំងបានប្រឹងប្រែងពង្រឹងកម្មសិទ្ធិដីធ្លី ដោយចេញលិខិតស្នាមរដ្ឋបាល និងប័ណ្ណកម្មសិទ្ធិ ហៅថា «ប័ណ្ណស្លាបមាន់»,
លើកទី២. នៅកំឡុងឆ្នាំ ១៩៩១-១៩៩២ គឺបានធ្វើការដោះស្រាយបែងចែកដីធ្លី ជូនប្រជាពលរដ្ឋ ដែលបានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសថៃមកកម្ពុជាវិញ,
លើកទី៣. នៅក្រោយពេលធ្វើសមាហរណកម្ម តាមនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល រដ្ឋបានបែងចែកដីជូនកងទ័ពខ្មែរក្រហម ដែលបានរួបរួមគ្នាវិញជាមួយប្រជាពលរដ្ឋ ដែលបានទៅតាំងទីលំនៅទីនោះ,
លើកទី៤. នៅពេលនេះ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយទឹកចិត្តស្រលាញ់ប្រជាពលរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ បានដាក់ចេញនូវបទបញ្ជាលេខ០១បប ក្នុងគោលបំណងការពារប្រយោជន៍ប្រជាពលរដ្ឋ ហើយថែមទាំងបានបង្កើតចេញនូវយុទ្ធនាការ ចុះវាស់វែងដីជូនប្រជាពលរដ្ឋ ដែលអនុវត្តដោយក្រុមមន្ត្រីបច្ចេកទេស និងយុវជនស្ម័គ្រចិត្តសម្ដេចតេជោ នៅក្នុងយុទ្ធនាការនេះ សម្ដេចតេជោ បានយកថវិកាផ្ទាល់របស់សម្ដេច និងថវិការបស់គណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភដល់យុវជនស្ម័គ្រចិត្ត ដោយពុំប៉ះពាល់ដល់ថវិកាជាតិ។
លោក ឈើយ ចាន់ណា បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យផ្ដល់ភាពងាយស្រួល និងចូលរួមសហការឱ្យបានល្អជាមួយមន្ត្រីចុះបញ្ជីដីធ្លី ដើម្បីឱ្យការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕