(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញបានថ្លែងប្រាប់ឲ្យដឹងថា នៅម៉ោងប្រមាណ៨៖៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ក្មេងស្ទាវ ឈ្មោះ ចាន់ សោភា អាហុ២៣ឆ្នាំ ដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀតនាព្រឹកថ្ងៃនេះ ដើម្បីបន្តសាកសួរតាមនីតិវិធីច្បាប់។ លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កែវ សុជាតិ ជាអ្នកកាន់សំណុំរឿងដ៏ល្បីមួយនេះ។
សូមជំរាបថា កាលពីម្សិលមិញមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងថា ក្មេងស្ទាវខាងលើនេះ បើទោះបីបានឃាត់ខ្លួនមកដល់ទី បញ្ជាការដ្ឋានអាវុធហត្ថក៏ដោយ ក្មេងស្ទាវនេះនៅតែប្រើសម្តីឈ្លើយ មិនគោរពដល់មន្រ្តីសមត្ថកិច្ចនោះទេ។
សូមជំរាបថា នៅវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្មេងស្ទាវឈ្មោះ ចាន់ សោភា ដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃុំខ្លួន និងសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញអស់រយៈពេល២ថ្ងៃ បន្ទាប់ពីបានសាកសួរអស់ពេញមួយថ្ងៃពីម្សិលមិញ សម្រេចបញ្ជូនត្រឡប់ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថវិញសិន ដោយបន្តការសាកសួរនៅថ្ងៃនេះបន្ត៕