(បន្ទាយមានជ័យ)៖ ផ្ទះចំនួន ១៥០ខ្នង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សាងសង់ជូន​អតីតយុទ្ធជន និងយោ ធិនពិការស្ថិតនៅមជ្ឈមណ្ឌល​អភិវឌ្ឍន៍យោធិនពិការ ៣១៧ភ្នំឆត្រ រួមនិងអគារសិក្សា ១ខ្នង ៦បន្ទប់ សាងសង់សម្រេចបាន ៨៥ភាគរយហើយ។

ដើម្បីធានាបានថាសំណង់ផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងយោធិនពិការមាន​គុណភាពជាប់ល្អនោះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម​អតីតយុទ្ធជន បានចុះពិនិត្យដោយផ្ទាល់លើ​សំណង់ផ្ទះទាំងអស់នេះ។

នាយឧត្តមសេនីយ៍ គន់ គីម បានប្រាប់ទៅក្រុមអ្នកសាងសង់ផ្ទះឲ្យគិតគូរទៅលើគុណភាពជាចម្បង កុំគិតតែពីបរិមាណ ពោលធ្វើយ៉ាង ណាឲ្យផ្ទះនេះមានភាពរឹងមាំ​សម្រាប់ការរស់នៅរបស់​អតីតយុទ្ធជន និងយោធិនពិការប្រកបដោយ​ផាសុខភាព។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឲ្យក្រុមជាងសាងសង់​ឲ្យពន្លឿនការសាងសង់​ធ្វើយ៉ាងណាឲ្យរាល់​តាមផែនការគ្រោងទុក។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាលំនៅឋានដ៏កក់ក្តៅសម្រាប់អតីត យុទ្ធជន និងយោធិនពិការ។ នាយឧត្តមសេនីយ៍ បានប្រាប់ទៅ​អតីតយុទ្ធជន និងយោធិនពិការថា ការសង់លំនៅឋាននេះ គឺបានបង្ហាញ ពីការយកចិត្តទុកដា​ក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខអតីតយុទ្ធជន និងយោធិនពិការ ដែលសុទ្ធសឹងជាអ្នក​មានគុណបំណាច់សម្រាប់ជាតិ។

តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម អតីតយុទ្ធជន និងយោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍​យោធិនពិការ ៣១៧ភ្នំឆត្រ បានគោរពថ្លែងអំណរ​គុណដល់សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរ និងយក ចិត្តទុកដាក់​ទៅលើសុខទុក្ខ និងជីវភាពរបស់​ពួកគាត់៕