(ប៉េកាំង)៖ ប្រទេសចិនបានបញ្ជាឲ្យកងទ័ពរបស់ខ្លួនស្ថិតនៅតាមខេត្តដែលជាប់នឹងព្រំដែនជាមួយសហភាពមីយ៉ាន់ម៉ា មានការប្រុងជើងការកម្រិតខ្ពស់បំផុត ខណៈក្រុមប្រដាប់អាវុធ ជនជាតិភាគតិចកំពុងតែវាយប្រហារទៅលើទីបញ្ជាការយោធា និងប៉ុស្តិ៍ប៉ូលិសនៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា ដែលបានកើតឡើងចាប់តាំងពីចុងសប្តាហ៍មុននេះមក។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ចេញពី Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមព័ត៌មានដែលទទួលបានគឺ នៅយប់ថ្ងៃអាទិត្យក្រុមប្រដាប់អាវុធចំនួនបីក្រុមបានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅតាមទីក្រុង Muse និង Kutkai ស្ថិតនៅក្នុងរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាជាប់នឹងព្រំដែនរបស់ចិន។ បើតាមសេចក្តីរាយការណ៍បឋមគឺការវាយប្រហារនោះ បានបណ្តាលឲ្យទាហាន និងជនស៊ីវិលបាត់បង់ជីវិតប៉ុន្តែគេនៅមិនទាន់ដឹងថាប៉ុន្មាននាក់នោះឡើយ។
គួរបញ្ជាក់ថាក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍មួយជុំវិញបញ្ហានេះ ដោយបានអំពាវនាវទៅគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា ត្រូវតែបង្កើនការអត់ធ្មត់ឡើងវិញជៀសវាងការធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ បន្ថែមពីនេះទៀតក្រសួងការពារជាតិចិនក៏បានបញ្ជាឲ្យយោធាជួរមុខក្នុងតំបន់នោះ រក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីត្រៀមខ្លួនក្នុងការចាត់វិធានការនានាដើម្បីការពារ អធិបតេយ្យភាព, អាយុជីវិត, និងទ្រព្យសម្បត្តិរបស់ប្រជាជនចិននៅតាមព្រំដែន។
ដោយឡែកស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានអំពាវនាវឲ្យភាគីជម្លោះនានាបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ដើម្បីរក្សាឲ្យបាននូវតំបន់ព្រំដែនប្រកបដោយស្ថិរភាព។ តំបន់ព្រំដែនមីយ៉ាន់ម៉ា ថៃ និង ចិន ខាងលើនេះបានទទួលរងនូវភាពអសន្តិសុខខ្លាំងអស់រាប់ទសវត្សរ៍មកហើយ ដោយសារតែកងកម្លាំងជនជាតិភាគតិច មិនព្រមចុះចូលជាមួយនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយវាក៏បានបង្ខំមនុស្សភៀសខ្លួនក្នុងចំនួនរាប់ពាន់នាក់ផងដែរ៕