(តាកែវ)៖ លោក ជីវ កេង សហការជាមួយក្រុមការងារថ្នាក់ជាតិ បានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង រៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលអ្នកជំងឺឥតគិតថ្លៃ ជូនសិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្នុងប្រតិបត្តិការនេះ មានក្រុមការងារសរុប ៤៩ នាក់ សហការជាមួយក្រុមវេជ្ជបណ្ឌិត ចំនួន ៧រូប បានពិនិត្យព្យាបាលសិស្សានុសិស្សសរុបចំនួន ៧៧ នាក់ និងប្រជាពលរដ្ឋចំនួន ៨៨ នាក់ សរុប ១៦៥ នាក់ ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកនេះ ក្រុមការងារសរុប ៣៦ នាក់ សហការជាមួយក្រុមវេជ្ជបណ្ឌិត ចំនួន ៤រូប បានព្យាបាលសិស្សានុសិស្ស ពេលព្រឹក ចំនួន ៥០ នាក់ និង ពេលថ្ងៃ បានចំនួន ៥២ នាក់ សរុបចំនួន ១០២នាក់នៅក្នុងទីតាំងដដែល ពោលគឺនៅក្នុងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។ ជារួមក្នុងរយៈពេល២ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានព្យាបាលអ្នកជំងឺ សរុបចំនួន ២៦៧នាក់ដោយឥតគិតថ្លៃ ។
ជាគម្រោង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងបន្តព្យាបាលជូនអ្នកជំងឺចំនួនពីរថ្ងៃបន្ថែមទៀត ពោលគឺ នៅថ្ងៃសុក្រទី ២៥ និង ថ្ងៃសៅរ៍ ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ៕