(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅពិនិត្យដោយផ្ទាល់នូវការ ហ្វឹកហាត់បាញកាំភ្លើងធំ ពីសំណាក់កងទ័ពនារី ក៏ដូចជាការស្វែងយល់ ពីរបៀបប្រើប្រាស់ជើងទម្របាញ់ គ្រាប់រ៉ុក្កែតផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមការផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើង KCNA «លោក គីម បានរៀបចំនូវការធ្វើតេស្តដល់កងពលនារីឆ្នើមៗរបស់ខ្លួនក្នុងការ កំណត់គោលដៅដែលត្រូវវាយប្រហារ និងការត្រៀមប្រមូលផ្តុំកម្លាំងពីសំណាក់កលពលនារីបាញ់កាំភ្លើងធំ»។ ក្រោយការធ្វើតេស្ត បញ្ចប់លោក គីម ជុងអ៊ុន បានសម្តែងក្តីរីករាយនិងអះអាងថាវាជាគន្លឹះសំខាន់ណាស់សម្រាប់នារីជាទាហានទាំងឡាយ ដើម្បីប្រឈមមុខ ក្នុងសង្គ្រាមបង្រួបបង្រួមជាតិនៅគ្រប់ពេលវេលា និងទីកន្លែង។
គួរបញ្ជាក់ថារាល់ការហ្វឹកហ្វឺនទ័ពជំនាញទាំងអស់ ដូចជាទ័ពអាកាស ទ័ពថ្មើរជើង ទ័ពជើងទឹក និងកងកម្លាំងប្រើប្រាស់សព្វាវុធ ធុនធ្ងន់ជាដើម គឺតែងតែមានការចូលរួមអង្កេតពីប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន ជានិច្ច។ ដោយឡែកកាលពីពេលថ្មីៗនេះ ប្រទេសជប៉ុន ក៏បានបង្កើតសេចក្តីព្រាងច្បាប់មួយថ្មីផងដែរដើម្បីថ្កោលទោសកូរ៉េខាងជើង ដែលបានប្រើប្រាស់ធនធានដ៏ស្តួចស្តើងរបស់ខ្លួនទៅផលិតអាវុធប្រល័យលោកដោយមិនគិតគូរពីគ្រោះទុរភិក្សរបស់រាស្ត្ររាប់លាននាក់ ប៉ុន្តែមន្ត្រីកូរ៉េខាងជើងបានចេញមុខទាត់ចោល៕