(ភ្នំពេញ)៖ ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ដោយស្រែកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!» ត្រូវបានមន្រ្តីអាវុធហត្ថបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា បន្ទាប់ពីពិនិត្យតាមដានទឹកនោមឃើញថា យុវជននោះបានប្រើប្រាស់គ្រឿងញៀន។
មន្រ្តីអាវុធហត្ថបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃសៅរ៍នេះបន្ថែមទៀតថា ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនតាំងពីម្សិលមិញ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញនាពេលយប់មិញ។
ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យនេះ ត្រូវបានមន្ត្រីអាវុធហត្ថមួយរូបថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះថា គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។
សូមបញ្ជាក់ថា ក្មេងស្ទាវឈាមរាវម្នាក់នេះ ទំនងជាកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំង បានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែសំណាងល្អលោកបានគេចផុត។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។
ឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់អង្គភាព Fresh News នៅក្រោយកើតហេតុភ្លាមៗថា មុនពេលកើតហេតុ រថយន្តរបស់ជននេះបានបើកថយហើយពេលនោះវីសប៉ះរថយន្តរបស់លោក លោកក៏ចុចស៊ីផ្លេ។ ស្រាប់តែជននេះចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។ មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្តទៅបំបុកលោក និងអង្គរក្សមួយទំហឹង តែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្តដេញតាមរហូតទាន់ហើយដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ក៏ឃាត់យកទៅខណ្ឌភ្លាមៗតែម្តង។
លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានអំពាវនាវនិងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍អោយសោះ ព្រោះករណីនេះ សូមទុកឲ្យសមត្ថកិច្ច និងតុលាការចាត់ការតាមនីតិវិធីច្បាប់ចុះ៕ (សូមមើលវិដេអូ)៖