កម្លាំងចម្រុះបង្រ្កាប និងឃាត់ខ្លួនអ្នកបើកបររថយន្ត Fuso ១គ្រឿង បង្កប់ឈើគ្រញូង ទម្ងន់ជិត៣តោន នៅខេត្តពោធិ៍សាត់
16-11-2016 13:54
(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមានអាវុធហត្ថខេត្ត និងអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង អាវុធហត្ថខេត្ត សហការជាមួយជំនាញរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានបង្រ្កាបរថយន្ត Fuso ចំណុះ៥តោនមួយគ្រឿង ដឹកឈើគ្រញូង ទម្ងន់ ២,៨៨២គីឡូក្រាម ស្មើនឹង២,៤០១ម៉ែត្រគូប ស្ថិតក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ងី វិរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្រញូងទម្ងន់ ២,៨៨២គីឡូក្រាមនេះ ធ្វើឡើងដោយមានកិច្ចសហការ ពីកម្លាំងចម្រុះទើបបង្រ្កាបបាន។ លោកនាយខណ្ឌបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ុចនឿន អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ១៨៣ ស្ថិតក្នុងភូមិខ្សាច់ពយ ឃុំវត្តគ ស្រុកបាត់ដំបង ខេត្តបាត់ដំបង (អ្នកបើកបររថយន្ត)។
លោកនាយខណ្ឌ បញ្ជាក់ថា វត្ថុតាងរថយន្តFuso ចំណុះ៥តោនមួយគ្រឿង ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខ BB-0247 ជាមួយឈើ គ្រញូង ទម្ងន់ និងជនសង្ស័យ ត្រូវបានយកទៅរក្សាទុក និងឃាត់ខ្លួននៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕