
ក្រុមហ៊ុនស្រាបៀរកម្ពុជា ដើរសម្អាតសំរាម ក្នុងបរិវេណកោះពេជ្រ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក
16-11-2016 13:50
(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បានដើរសម្អាតសំរាម ក្នុងបរិវេណកោះពេជ្រ បន្ទាប់ពីបញ្ចប់ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្លាមៗ ដើម្បីជាការចូលរួមសម្អាត និងថែរក្សាសោភ័ណភាពទីក្រុងភ្នំពេញ ។
កម្មវិធីនេះ ចូលរួមជាង២៣០នាក់ ដើម្បីដើរសម្អាតទីក្រុងភ្នំពេញ ដោយម្នាក់ៗមានប្រដាប់ទៅដោយស្រោមដៃ ថង់សំរាមហើយចាប់ផ្តើម ដើររើស ជុំវិញទីធ្លាជិត សាលមហោស្រពកោះពេជ្រនេះ។
ដោយសង្កេតឃើញថា បរិវេណសាធារណៈនានា តែងតែត្រូវបានពង្រាយទៅដោយសំរាម បន្ទាប់ពីពិធីបុណ្យនានា ត្រូវបានបញ្ចប់ ដូច្នេះហើយ ក្រុមហ៊ុនសង្ឃឹមថា សកម្មភាពទាំងនេះ ជាការចូលរួមចំណែកមួយភាគតូច ក្នុងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង សំណល់នៅក្នុងក្រុង បើទោះជាការណ៍នេះ មិនទាន់អាចធ្វើឲ្យប្រសើរឡើងបាន ទាំងស្រុងក៏ដោយ។
ក្រុមហ៊ុនស្រាបៀរកម្ពុជា ក៏សង្ឃឹមថា ស្ថាប័នឯកជន ដទៃទៀតក៏នឹងផ្តួចផ្តើម ក៏ដូចជាចូលរួមក្នុងសកម្មភាពបែបនេះ ឲ្យបានញឹកញាប់ ផងដែរ ពិសេសក្រុមហ៊ុនក៏សង្ឃឹមថា សាធារណជន និងធ្វើការផ្លាស់ប្តូរឥរិយាបថ ដោយមិនបោះសំរាមពាសវាលពាសកាល ទៀតនោះទេ៕