(ភ្នំពេញ)៖ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រយះពេល៣ថ្ងៃ រួចមក ការងារជាច្រើនដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវដោះស្រាយ ដែលបន្សល់ទុកពីពិធីបុណ្យជាតិមួយនេះ។
ការងារដែលត្រូវដោះស្រាយនោះ គឺបញ្ហាអនាម័យតែម្តង ព្រមទាំងការរុះរើរាល់ស្តង់លក់ដូរទាំងឡាយ នៅតាមមាត់ទន្លេ និងស្ថិតនៅក្នុងបរិវេណបុណ្យ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ លោក គួច ចំរើន បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ មន្រ្តីសាលាខណ្ឌ កម្លាំងយុវជន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅរៀបចំសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ ដោយរុះរើរោងស្តង់លក់ដូរទាំងឡាយចេញឲ្យអស់ ពីព្រោះមិនអនុញ្ញាតឲ្យមានការលក់ដូរបន្តទៀតឡើយ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានបើកប្រតិបត្តិការទាំងកណ្តាលថ្ងៃបាញ់ទឹកលាងច្រាំងនៅតាមមាត់ទន្លេ សហការជាមួយ កម្លាំងយោធាក្រុម ៧១១ នៃកងពលតូចថ្មើជើងលេខ៧០ ដោយបន្សល់ទុកនៅភាពឆ្អេះឆ្អាប ក្លិនមិនល្អនិងកាកសំណល់មួយចំនួន ដែលនៅសល់រាយប៉ាយនៅទីនោះ ក្រោយពីប្រជាពលរដ្ឋមួយចំនួន ដែលអញ្ជើញមកលេងបុណ្យអុំទូក ពួកគាត់មិនបានយកសំរាម និងកាកសំណល់ទាំងនេះទៅបោះចោលក្នុងធុងសំរាម ហើយបោះចោលពាសវាលពាសកាលនៅតាមមាត់ទន្លេ។
បញ្ហាមួយទៀតដែលអាជ្ញាធរខណ្ឌត្រូវដោះស្រាយដែរនោះ គឺការប្រមូលសំរាម រីកស្គុះស្គាយស្ទើរគ្រប់កន្លែង ដែលមានចំនួនរាប់ពាន់តោន ដែលបន្សល់ទុកក្នុងរយះពេល៣ថ្ងៃមកនេះ។
មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ប្រធានគណ:បញ្ជាឯកភាពខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយ ក្រុមហ៊ុនសន្ដិសុខ «លីប្រា», យុវជនកាកបាទក្រហមកម្ពុជា, បុគ្គលិកហាងព្រឹលគ្រប់រដូវប្រមាណ ជាង១០០នាក់ បានបើកយុទ្ធនាការដើរប្រមូលសំរាម ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក នៅចំណុចសួនមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេ។
នៅយប់មិញនេះ ក្រោយបញ្ចប់ពិធីបុណ្យអុំទូករួច លោកអភិបាលខណ្ឌ ក៏បានចុះទៅណែនាំដល់បងប្អូនអ្នកលក់ដូរទាំងអស់ឲ្យជួយវេចខ្ចប់ សំរាមឲ្យបានល្អ ដើម្បីងាយស្រួលដល់ក្រុមហ៊ុន សិុនទ្រីចុះមកប្រមូល ហើយលោកអភិបាលខណ្ឌ ក៏បានដឹកនាំមន្រ្តីទៅជួយសម្រួល ចរាចរណ៍ដែលពោពេញដោយមនុស្ស តាមដងផ្លូវនៅពេលត្រឡប់ទៅផ្ទះវិញ៕