(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងសាធារណជន កំពុងចែកចាយបន្តនូវករណីអំពើហិង្សាដ៏ធ្ងន់ធ្ងរលើ កញ្ញា ពេជ្រ អាវីហ្សា តារាសម្តែងរបស់ខ្មែរ ហើយធ្លាយព័ត៌មានថា ជនរងគ្រោះ និងជនបង្ក បានសម្របសម្រួលគ្នានោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការសម្របសម្រួល នឹងពុំអាចបញ្ចប់នីតិវិធីរឿងព្រហ្មទណ្ឌបានទេ។
លោក គឹម សន្តិភាព បានផ្ញើសារទៅកាន់ក្រុមអ្នកសារព័ត៌មាន និងសាធារណជន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា ករណីបង្កហឹង្សា ទាំងនេះជាករណីព្រហ្មទណ្ឌ ដែលស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកំពុងចាត់វិធានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការ ផ្តន្ទាទោសជនល្មើសតាមច្បាប់។ ការសម្របសម្រួលសំណងជាផ្នែកមួយនៃដំណោះស្រាយផ្ទាល់រវាងភាគី តែពុំអាចផ្អាក ឬបញ្ចប់នីតិវិធី ក្នុងរឿងព្រហ្មទណ្ឌបាននោះទេ»។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការដែលជនរងគ្រោះមិនសហការជាមួយស្ថាប័នអយ្យការ និងសមត្ថកិច្ចបានបង្កផលវិបាក ដល់ការស៊ើបអង្កេត ក៏ប៉ុន្តែទោះជាយ៉ាងណាលោកថា ការអនុវត្តតាមនីតិវិធីកំពុងតែដំណើរការទៅមុខ។
លោកថា «ដោយជនរងគ្រោះមួយចំនួនពុំសហការ ជាមួយស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាហេតុនាំអោយការស៊ើបអង្កេតជួបការលំបាក ព្រោះករណីខ្លះសក្ខីកម្មសំខាន់គឺជាជនរងគ្រោះផ្ទាល់តែម្តង។ តែទោះជាយ៉ាងណាក៏ដោយការស៊ើបអង្កេតកំពុងដំណើរការទៅមុខ» ។
សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយះ និងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរដោយការប្រើអំពើហិង្សាពី សំណាក់អតីតសង្សាររបស់នាង ឈ្មោះ គៀង ហេង នាពីយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅក្លឹប LV ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្ត ក្នុងឱកាសបុណ្យអំទូកថ្ងៃទី១ ជាមួយមិត្តភក្តិរបស់នាង។ ស្រីស្រស់ ពេជ្រ អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើង ដោយ លោក គៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្តទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹងដោយសារលោក គៀង ហេង បានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀតព្រោះលោក ហេង មានកាំភ្លើងជាប់ខ្លួន។
ទោះជាយ៉ាងនេះក្តី កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់ Fresh News កាលពីម្សិលមិញនេះថា នាងនឹងមិនប្តឹង អតីតសង្សារបស់នាង លោក គៀង ហេង ចំពោះករណីនេះទេ។ ដោយឡែកនៅលើ Facebook របស់ លោក គៀង ហេង កាលពីម្សិលមិញ ក៏បានប្រកាសថា គ្រួសាររបស់អ្នកទាំងពីរបានសម្រេចសម្របសម្រួលគ្នា ហើយបញ្ចប់រឿងរ៉ាវនេះហើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអំពាវនាវដល់ជនរងគ្រោះ ប្រជាពលរដ្ឋ និងសាធារណៈមតិផ្តល់ទំនុកចិត្តដល់ស្ថាបន័អនុវត្តច្បាប់ និងសូមចូលរួមផ្តល់នូវសាក្ខីកម្មនានា ជូនដល់ស្ថាប័នអយ្យការផងដែរ ទាក់ទងនឹងករណីទាំងអស់នេះ។
ជាមួយករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅវេលាម៉ោង ជិត១២ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចរបស់លោក បានហៅពួកគេទាំង២នាក់ មកសួរនាំហើយ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត ពីព្រោះការងាររបស់សមត្ថកិច្ច ត្រូវធ្វើដោយជាក់លាក់ និងតាមជំនាញច្បាប់៕