(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា អំឡុងពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បទល្មើសទូទាំងប្រទេសបានកើតឡើង២៨លើក ក្នុងនោះសមត្ថកិច្ចបង្ក្រាប និង ចាប់ខ្លួនចំនួន ៤០នាក់។
ក្នុងវិដេអូអំពីសន្និសីទខ្លីមួយ ស្តីពីរបាយការណ៍សន្តិសុខទូទាំងប្រទេសកម្ពុជាក្នុងអំឡុងបុណ្យអុំទូក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក គៀត ច័ន្ទថារិទ្ធ បានអះអាងថា បទល្មើសទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃបុណ្យអុំទូកឆ្នាំបានថយចុះ៦ករណី បើធៀបនឹងបទល្មើស៣ថ្ងៃកាលពីបុណ្យអុំទូក ឆ្នាំ២០១៤ ប៉ុន្តែការបង្រ្កាបឆ្នាំនេះទទួលបានល្អផលល្អច្រើន។
លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា «បទល្មើសឆ្នាំនេះ បើប្រៀបធៀប៣ថ្ងៃដូចគ្នានឹងឆ្នាំ២០១៤ ដោយសារតែឆ្នាំ២០១៥ យើងបានអាក់ខានមិនបានប្រារព្ធពិធីបុណ្យអុំទូកក៏មានការថតចុះ។ បទល្មើសជារួមកើតឡើង២៨លើក លើ៣៤លើក គឺថយចុះ៦លើក ក្នុងនោះបទឧក្រិដ្ឋស្មើគ្នា៧លើ៧លើក»។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា «បទល្មើសបានថយចុះជាទូទៅ ប៉ុន្តែការបង្រ្កាបរបស់កម្លាំងនគរបាលមានការកើនឡើង គឺឆ្នាំនេះក្នុងចំណោមបទល្មើសដែលកើតឡើងនេះ យើងបង្ក្រាបបានរហូតដល់២៩លើក ឃាត់មនុស្ស៤០នាក់។ រីឯឆ្នាំ២០១៤ យើងបង្រ្កាបបាន១៨លើក ហើយឃាត់មនុស្សបានតែ៣៣នាក់ទេ ក្រៅពីនោះយើងក៏បង្រ្កាបគ្រឿងញៀន៩លើក ឃាត់មនុស្ស៩នាក់ និងក្មេងទំនើង២ក្រុមស្មើ២៧នាក់»។
ក្រៅពីការរៀបរាប់អំពីស្ថានភាពសន្តិសុខទូទៅ លោក គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ផងដែរអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សា។ លោកថា អំពើហិង្សានៅឆ្នាំ២០១៦នេះ បានកើតឡើង២១លើក ប៉ុន្តែឆ្នាំ២០១៤ កើតឡើង២៧លើក។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃឆ្នាំនេះ បានកើតឡើងចំនួន៣៤លើក ថយចុះ៣២លើក បើធៀបនឹងឆ្នាំ២០១៤ ។ ចំណែកអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃ នៅអំឡុងបុណ្យអុំទូកឆ្នាំនេះមានចំនួន១៤នាក់ គឺថយចុះ១៤នាក់នាក់ដែរបើធៀបនឹងឆ្នាំ២០១៤ ហើយករណីរបួសមាន៤២នាក់ តិចជាងឆ្នាំ២០១៤ ដែលមានរហូតដល់៩៩នាក់ផងដែរ។
សម្រាប់សភាពការណ៍នៅក្នុងព្រះរាជពិធីបុណ្យអុំទូក នារាជធានីភ្នំពេញវិញ គឺបទល្មើស៣ថ្ងៃនេះ បានកើតឡើងចំនួន១៨លើក ក្នុងនោះករណីខ្វេះហៅប៉ៅ លូកហោប៉ៅ ហើយសមត្ថកិច្ចក៏ចាប់បានចំនួន១៥លើក ឃាត់មនុស្ស១៦នាក់ដែរ៕